Social Network

លិខិតមិត្តអ្នកអាន៖ តើអាមេរិកធ្វើអ្វីនៅកម្ពុជា? អាមេរិកបំផ្លាញព្រៃឈើខ្មែរដោយគ្រាប់បែកចង្កោម និងអាវុធគីមី

(ភ្នំពេញ)៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជាតំណាងដោយឯកអគ្គរដ្ឋទូត William Heidt បានតាំងខ្លួនជាតួឯកក្នុងការសង្គ្រោះព្រៃឈើខ្មែរជាងប្រជាជនកម្ពុជាទៅទៀត។

នេះពិតជាចម្អកឱ្យប្រវត្តិសាស្ត្រពេកហើយ ! ប្រវត្តិសាស្ត្រដែលបានបង្ហាញថា អាមេរិកបានលូកដៃតាំងជាឪកម្ពុជានៅអំឡុងរបបសាធារណរដ្ឋខ្មែរ និងបានបំផ្លាញ ប្រទេសកម្ពុជាដោយការទម្លាក់គ្រាប់បែកប្រមាណ៣លានតោន មកលើទឹកដីព្រៃព្រឹក្សាខ្មែរ និងបានសម្លាប់ជីវិតមនុស្សប្រមាណកន្លះលាននាក់នេះមិនគិតពីការ សម្លាប់ជីវិតសត្វ និងបំផ្លាញព្រៃឈើខ្មែររាប់ហិកតា ដោយសារតែឥទ្ធិពលនៃគ្រាប់បែកចង្កោម និងអាវុធគីមី។

តើអាមេរិកភ្លេច ឬនៅនូវស្នាដៃដ៏មហាប្រល័យនៃការ ទម្លាក់គ្រាប់បែករបស់ខ្លួន?

យោងតាមរបាយការណ៍ស្រាវជ្រាវ ក្នុងចំណោមគ្រាប់បែកប្រមាណ៣លានតោន ទម្លាក់លើទឹកដីកម្ពុជាចន្លោះពីឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៧៥ មានប្រមាណជាង២៦លាន គ្រាប់បែកចង្កោម ហើយបើតាមការប៉ានស្មានរបស់អ្នកបោលសម្អាតមីន ចំនួននេះអាចមានច្រើនជាងនេះ ហើយកំពុងតែនៅរាយប៉ាយក្នុងប្រទេសកម្ពុជា ជាពិសេស នៅតាមបណ្តាខេត្តជាប់ព្រំប្រទល់ដែនជាមួយប្រទេសវៀតណាម។

គ្រាប់បែកចង្កោមនេះត្រូវបានហាមឃាត់ប្រើប្រាស់នៅលើពិភពលោក ប៉ុន្តែអាមេរិកបានបំពានប្រើប្រាស់ប្រឆាំងនឹងប្រជាជនកម្ពុជា ធនធានធម្មជាតិខ្មែរ។ ៤០ឆ្នាំកន្លងផុតទៅ ប៉ុន្តែកេរ្តិ៍តំណែកសោកនាដកម្មនេះបាន និងកំពុងតាមលងប្រជាជនកម្ពុជារៀងរាល់ថ្ងៃដោយ សំណល់សង្គ្រាមក្នុងនោះមានទាំងសំណល់គ្រាប់បែកចង្កោមកំពុងនៅពាសពេញព្រៃ ក្នុងតំបន់មួយចំនួន និងបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស និងសត្វ។ តើនេះគឺជាមោទនភាពរបស់អាមេរិកដែលអួតថា បានសង្គ្រោះព្រៃកម្ពុជា?

មិនមែនជាការពិតឡើយ ហើយអាមេរិកមិនអាចយកជំនួយបន្តិចបន្តួចរបស់ខ្លួន មកលុបលាងអំពើអមនុស្សធម៌សាហាវយង់ឃ្នង់របស់ខ្លួន មកលើប្រជាជនកម្ពុជា និងធនធានធម្មជាតិខ្មែរឡើយ។ តាមពិតអាមេរិកត្រូវសុំទោសខ្មែរ និងមិនត្រូវទាមទារបំណុលកខ្វក់ដែលរបបសាធារណរដ្ឋខ្មែរ លន់ នល់ ជំពាក់ទិញសព្វាវុធ និងសម្ភារផ្សេងទៀតសម្លាប់ខ្មែរឡើយ។ អាមេរិកមិនត្រឹមមិនសងការខូចខាតរបស់កម្ពុជា បែរជាទារបំណុលហើយអួតថា ខ្លួនជាអ្នកសង្គ្រោះទៀត។ ពិតជាគួរឱ្យអៀនខ្មាសណាស់ក្នុង នាមជាប្រទេសស៊ីវិល័យ បិតាប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សដែលបក្សប្រឆាំងតែងតែលើកសរសើរ ប៉ុន្តែតាមពិតអាមេរិកគ្រាន់តែជាអ្នកសង្គ្រោះក្លែងក្លាយតែប៉ុណ្ណោះ។

អាមេរិកក៏ត្រូវចងចាំថាប្រជាជនកម្ពុជា នៅចងចាំជានិច្ចនូវអំពើអមនុស្សធម៌របស់អាមេរិកមកលើជាតិ និងប្រជាជនកម្ពុជា។ អាមេរិកត្រូវដឹងថា បើគ្មានការទម្លាក់គ្រាប់ បែកដ៏ច្រើនសន្ធឹកសន្ធាប់របស់អាមេរិក និងការលូកដៃគាំទ្រសេនាប្រមុខ លន់ នល់ និងព្រះអង្គ ស៊ីសុវត្ថិ សិរិមតៈ ទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ម្ល៉េះកម្ពុជាមិន រងគ្រោះ សោកនាកដកម្មដ៏យង់ឃ្នងនៃរបបខ្មែរក្រហម ប្រជាពលរដ្ឋជាងបីលាននាក់ស្លាប់បាត់បង់ជីវិតទេ។ ចុះហេតុអ្វីពេលនេះអាមេរិកមកតាំងខ្លួនជាតួឯកអ្នក សង្គ្រោះទៅវិញ ខណៈខ្លួនគឺជាអ្នកបំផ្លាញកម្ពុជាតរៀងមក? អាមេរិកអាចបោកប្រាស់អ្នកនយោបាយបក្សប្រឆាំងមួយចំនួនដែលក្បត់ជាតិដូចជា កឹម សុខា ជាដើម ប៉ុន្តែមិនអាចកុហកបោកប្រាស់ប្រជាជនកម្ពុជាមួយប្រទេស និងពិភពលោកទាំងមូលទេ។

ប្រវត្តិសាស្ត្របានបង្ហាញថា កម្ពុជាគឺជាជនរងគ្រោះនៃការទម្លាក់គ្រាប់បែករបស់អាមេរិក ជនរងគ្រោះគ្រាប់បែកចង្កោមនិងអាវុធគីមីរបស់អាមេរិក។ ដូច្នេះអាមេរិក កុំសម្ញែងឫកជាតួឯក អ្នកសង្គ្រោះក្លែងក្លាយធ្វើអ្វី! តាមពិតអាមេរិកគួរតែទទួលស្គាល់កំហុសរបស់ខ្លួន និងមិនគួរបន្តនយោបាយសងសឹកចំពោះការចាញ់សង្គ្រាមដ៏អាម៉ាសរបស់ខ្លួនមកលើអតីតប្រទេសក្នុងតំបន់ឥណ្ឌូចិននោះទេ។ អាមេរិកគួរទទួលស្គាល់ថា ខ្លួនគឺជាអ្នកសម្លាប់ប្រជាជនកម្ពុជារាប់ម៉ឺនសែននាក់ និងបំផ្លាញ ព្រៃឈើខ្មែរតាមរយៈគ្រាប់បែកចង្កោម និងអាវុធគីមី ជាជាងធ្វើឫកធំជាអ្នកសង្គ្រោះកម្ពុជា។ មានតែប្រជាជនខ្មែរខ្លួនឯងទេដែលជួយសង្គ្រោះខ្លួនឯងចេញពីរបបខ្មែរក្រហម ប្រល័យពូជសាសន៍ដែលមួយផ្នែកដោយសារស្នាដៃរបស់អាមេរិក។ អាមេរិកមិនឱ្យខ្មែរបានសុខឡើយក្រោយពីរបបខ្មែរក្រហមដួលរលំទៅ បន្តគាំទ្រខ្មែរក្រហមឱ្យ វាយប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាពលរដ្ឋខ្មែរទៀត។ តើល្មមដល់ពេលអាមេរិកដឹងខ្លួន និងទទួលស្គាល់កំហុសប្រវត្តិសាស្ត្ររបស់ខ្លួនហើយឬនៅ?

ដោយ៖ ចៅចាក់ស្មុក


ដកស្រង់ពី៖FRESH NEW