Social Network

សមត្ថកិច្ចឃាត់ខ្លួនបុរសជនជាតិខ្មែរឥស្លាមម្នាក់ នៅខណ្ឌឫស្សីកែវ ពាក់ព័ន្ធការប្រមាថថ្នាក់ដឹកនាំ តាមបណ្ដាញសង្គម Facebook

(ភ្នំពេញ)៖ បុរសជនជាតិខ្មែរឥស្លាមម្នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួននៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះ ក្រោមបទចោទប្រកាន់ ប្រមាថថ្នាក់ដឹកនាំប្រទេសតាមបណ្ដាញសង្គម Facebook។

យោងតាមរបាយការណ៍ របស់អធិការខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យរូបនេះ ឈ្មោះ កែវ សារ៉ាវុធ ហៅម៉ាន់ អាយុ៤០ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅផ្ទះគ្មានលេខ ក្រុម២ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ មុខរបរលក់ដូរ ហើយត្រូវបានឃាត់ខ្លួនកាលពីព្រឹកមិញវេលាម៉ោង០៧៖៣៥នាទី ក្នុងសង្កាត់ច្រាំងចំរេះទី២។

ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Facebook នៅព្រឹកថ្ងៃនេះ អធិការនគរបាលខណ្ឌឫស្សីកែវ លោក ទៀង ច័ន្ទសា បានបញ្ជាក់ថា ជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចរបស់លោក និងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ហៅមកសួរនាំ នៅព្រឹកមិញនេះ ហើយឈានទៅដល់ការឃាត់ខ្លួនតែម្ដង។

យ៉ាងណាក៏ដោយ លោកអធិការខណ្ឌឫស្សីកែវ មិនទាន់អាចបញ្ជាក់ថាតើជនសង្ស័យរូបនេះ ប្រមាថថ្នាក់ដឹកនាំក្នុងករណីអ្វីនៅឡើយទេ ដោយសារតែខាងនគរបាលក្រសួងមហាផ្ទៃ ចុះមកសហការនិងជាម្ចាស់ករណី។

ក្រោយការឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖FRESH NEWS