Social Network

ស្គាល់អត្តសញ្ញាណបុរស ដែលត្រូវប្រជាពលរដ្ឋតាមដេញវាយប៉ុនប៉ងសម្លាប់ និងកម្ចេចរថយន្ត ក្រោយបើកបុករះតាមផ្លូវពីម្តុំទួលសង្កែ រហូតដល់ម្តុំពេទ្យលោកសង្ឃ

(ភ្នំពេញ)៖ បុរសដែលបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ បុករះជាបន្តបន្ទាប់តាមដងផ្លូវ ចាប់ពីម្តុំទួលសង្កែ ខណ្ឌប្ញស្សីកែវ រហូតដល់ម្តុំមន្ទីរពេទ្យលោកសង្ឃ ហើយត្រូវបានប្រជាពលរដ្ឋ តាមវាយប៉ងសម្លាប់ និងបំផ្លាញរថយន្តនារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ម្សិលមិញនោះ ត្រូវបានសមត្ថកិច្ចបញ្ជាក់អត្តសញ្ញាណហើយ ដោយលោកនោះមានឈ្មោះ បណ្ឌិត ស៊ុយ សារ៉េត គឺជាសាស្ត្រាចារ្យគ្រូបង្រៀននៅសាកលវិទ្យាល័យកម្ពុជា។

សមត្ថកិច្ចបញ្ជាក់ថា លោកសាស្ត្រាចារ្យ ស៊ុយ សារ៉េត មានកូន២នាក់ ប្រុសម្នាក់ និងស្រីម្នាក់ ហើយបន្ទាប់ពីពិនិត្យឃើញស្ថានភាពជំងឺធ្ងន់ធ្ងរ លោកត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យប្រទេសវៀតណាម តាំងតែពីយប់មិញ មិនទាន់មានបញ្ហាដល់អាយុជីវិតទេ។

សូមជម្រាបថា ប្រជាពលរដ្ឋបានតាមដេញវាយប៉ុនប៉ងសម្លាប់អ្នកបើកបរ និងវាយកម្ទេចរថយន្តទំនើបមួយគ្រឿង ក្រោយបើកបុករះតាមផ្លូវពីម្តុំទួលសង្កែ ខណ្ឌឬស្សកែវ ហើយបើករត់គេចរហូតដល់ម្តុំពេទ្យលោកសង្ឃ ខណ្ឌទួលគោក នៅវេលាម៉ោងប្រមាណ៤-៥រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨។

តាមសាក្សីបានប្រាប់ឲ្យដឹងថា រថយន្តបង្កហេតុនេះ បានបើកបុកគេដំបូងនៅម្តុំវត្តទួលអស់លោក ក្នុងខណ្ឌប្ញស្សីកែវ ហើយបន្តបើករត់គេចតាមផ្លូវរហូតដល់ម្តុំផ្សារធំថ្មី ជិះ២-៣ជុំនៅម្តុំផ្សារថ្មី ហើយបន្តបើករត់គេចតាមផ្លូវម្តុំផ្សារដេប៉ូ ក៏មានបុករះប្រជាពលរដ្ឋតាមផ្លូវផងដែរ ហើយមិនឈប់ក៏បន្តទៅម្តុំក្រោយមន្ទីរពេទ្យលោកសង្ឃ ក៏ត្រូវបានប្រជាពលរដ្ឋជិះម៉ូតូ ជិះម៉ូតជិត២០០គ្រឿង តាមទាន់នៅទីនោះ។ អ្នកបើកបរ និងរថយន្តត្រូវប្រជាពលរដ្ឋវាយប៉ងសម្លាប់ និងកម្ទេចរថយន្ត ប៉ុន្តែត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ជួយអន្តរាគមន៍ទាន់ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ៕

ដកស្រង់ពី៖FRESH NEWS