Social Network

ករណីរថយន្តដឹកអេតចាយបំផ្លាញផ្លូវលំនៅច្រករបៀងសំយ៉ោង អាជ្ញាធរអអះអាងថា រថយន្តដឹកអេតចាយ ទើបតែឆ្លងកាត់ម្តងប៉ុណ្ណោះ!

(ស្វាយរៀង)៖ ក្រោយពីបណ្តាញព័ត៌មាន Fresh News ចុះផ្សាយកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ថា ផ្លូវលំ១ខ្សែកំពុងរងការបំផ្លាញ ពីរថយន្តដឹកអេតចាយ ឆ្ពោះទៅច្រករបៀងសំយ៉ោង ស្រុកកំពង់រោទិ៍ រួចមកមានអាជ្ញាធរនៅតំបន់នោះ បានធ្វើការឆ្លើយតបក៏ជាបានអះអាងថា រថយន្តកុងតឺន័រដឹកអេតចាយនេះ ទើបតែមកដល់ច្រកព្រំដែនរបៀងសំយ៉ោង នៅថ្ងៃម្សិលមិញនេះទេ។

អាជ្ញាធរបានបញ្ជាក់ថា រថយន្តទាំងនេះ រាល់ដងចេញតាមច្រកព្រំដែនគ្រួស (ក្រសាំងជ្រំ) ស្រុកស្វាយជ្រំ តែដោយច្រកព្រំដែនគ្រួសនេះ ភាគីវៀតណាម គេបិទមិនឲ្យនាំចូលដែកអេតចាយ ទើបក្រុមរថយន្តដឹកអេតចាយបង្វែរមកច្រករបៀងសំយ៉ោងវិញ គឺទើបតែមកដល់ច្រកនេះឥឡូវមន្ត្រីជំនាញបានចុះមកធ្វើកំណត់ហេតុនាំ ទៅកាត់ទ្រុងហើយ។

អាជ្ញាធរមូលដ្ឋានដដែលបានបញ្ជាក់ថា រថយន្តដឹកអេតចាយ មានអ្នកនាំមកច្រកសំយ៉ោងនេះ មានឈ្មោះ ផេង ហើយសមត្ថកិច្ចមិនអនុញ្ញាតិឲ្យ នាំទៅវៀតណាមទេ ទើបរាយការណ៍ឲ្យជំនាញគេចុះពិនត្យមើល និងចាត់ការទៅតាមនីតិវិធីច្បាប់។

ពាក់ព័ន្ធករណីខាងលើនេះលោក សុខ រស់ អភិបាលស្រុកកំពង់រោទិ៍ ក៏ធ្លាប់បានអះអាងប្រាប់អង្គភាព Fresh News ថា លោកមិនបានអនុញ្ញាតិ ឲ្យរថយន្តដឹកដែកអេតចាយរត់តាមផ្លូវមួយនេះទេ ហើយរថយន្តទាំងនេះចូលមកដល់ព្រំដែន បានដោយសង្ស័យលួចមក ពេលយប់ឥឡូវ លោកបាន ឲ្យមន្ត្រីរបស់លោកសហការជាមួយមន្ទីរជំនាញ ចុះទៅដល់កន្លែងរថយន្តដឹកអេតនោះហើយ បើជំនាញគេថា មេចយើងនឹងអនុវត្តតាមជំនាញរបស់គេ។

លោក សុខ រស់ បានបន្តថា បើអ្នកណាថាអាជ្ញាធរអនុញ្ញាតិនោះ គឺមិនពិតទេ គឺទើបតែទទួលបានព័ត៌មានពីអ្នកសារព័ត៌មាន។ លោកអភិបាលស្រុក បានបញ្ជាក់ថា រាល់មុខទំនិញតាមច្បាប់កំណត់មិនមានការអនុញ្ញាត ឲ្យដឹកទំនិញឆ្លងចេញចូលតាមច្រករបៀងនោះ បើដឹកបានតាមច្រករបៀង គឺមានតែប្រជាពលរដ្ឋរកស៊ីបន្តិចបន្តួច ដូចជាទិញបន្លែតាមម៉ូតូជាប់ព្រំដែនប៉ុណ្ណោះ។

ប្រជាពលរដ្ឋសង្ឃឹមថា ការអនុវត្តចំពោះរថយន្តដឹកលើសទង្ងន់ ក៏ជាបិទការសារាចរទំនិញតាមច្រករបៀង របស់អាជ្ញាធរស្រុកកំពង់រោទិ៍ ឲ្យបានដូចភ្លៀងរលឹមស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តម្រូវឲ្យអាជ្ញាធរគ្រប់ខេត្តក្រុងទូទាំងប្រទេស ត្រូវមានវិធានការចំពោះរថយន្តដឹកលើសទង្ងន់ឲ្យមានប្រសិទ្ធភាព៕

ដកស្រង់ពី៖FRESH NEWS