Social Network

នគរបាលប៉ុស្ដិ៍ចាក់អង្រែលើ ខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន៣៤កញ្ចប់ ទូរស័ព្ទ១គ្រឿង និងម៉ូតូ១គ្រឿង

(ភ្នំពេញ)៖ នាយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ ដែលទើបឡើងកាន់តំណែងបានកន្លះខែ លោកអនុសេនីយ៍ទោ អ៊ំ រតនា បានដឹកនាំកម្លាំងមន្ត្រីនគរបាលមូលដ្ឋាន ចុះទៅលបឆ្មក់បង្ក្រាប ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ រកឃើញដកហូតបានក្រាមសថ្លា សង្ស័យជាថ្នាំញៀន ចំនួន៣៤កញ្ចប់តូច ក្នុងនោះមាន២កញ្ចប់ធំ ទូរស័ព្ទ១គ្រឿង និងម៉ូតូ១គ្រឿងផងដែរ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចសំណង់មិនរៀបរយ ស្ថិតក្នុងក្រុម៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងជាង១០ព្រឹកមិញនេះ។

លោកអនុសេនីយ៍ទោ អ៊ំ រតនា បានឲ្យដឹងថា ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ជួញដូរគ្រឿងញៀនម្នាក់ឈ្មោះ មាស ពិសារ ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ខាងលើនេះ បានប្រត្តិបត្តិការឡើង ក្រោមការបញ្ជាដោយផ្ទាល់ពីលោកវរសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ ដោយក្នុងជំហានដំបូង កម្លាំងនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ បានធ្វើការយាមល្បាតក្នុងភូមិសាស្ត្រ ស្រាប់តែប្រទះឃើញជនសង្ស័យកំពុងអង្គុយ និងមានការសង្ស័យទើបឃាត់ត្រួតពិនិត្យ បានរកឃើញក្រាមសថ្លា សង្ស័យជាថ្នាំញៀន ចំនួន១៤កញ្ចប់ ក្នុងនោះមាន (ថង់ធំល្មម២កញ្ចប់) (ថង់តូច១២កញ្ចប់) ជាពិសេស បានរកឃើញគ្រឿងញៀនបន្ថែម ចំនួន២០កញ្ចប់តូចទៀត ដែលជនសង្ស័យបានលាក់ទុកក្នុងប្រអប់ដែកតូចមួយនៅក្បែរនោះ សរុប៣៤កញ្ចប់ រួមជាមួយទូរស័ព្ទ១គ្រៀង និងតូ១គ្រឿងម៉ាកធូដេ ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ១eM-២៦៨៩ ដើម្បីនាំខ្លួនមកសាកសួរយកចម្លើយ នៅប៉ុស្ដិ៍នគរបាលចាក់អង្រែលើតែម្ដង។

បច្ចុប្បន្ន កម្លាំងនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ ដែលដឹកនាំដោយលោកអនុសេនីយ៍ អ៊ំ រតនា បានធ្វើការបញ្ជូនខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀន និងវត្ថុតាង ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕

ដកស្រង់ពី៖FRESH NEWS