Social Network

នគរបាលខេត្តបាត់ដំបង បញ្ជូនជនសង្ស័យ២នាក់រួមទាំងថ្នាំញៀនយ៉ាម៉ា១៣៣គ្រាប់ និងម៉ាទឹកកក១៩ថង់ទៅសាលាដំបូងខេត្ត

(បាត់ដំបង)៖ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះកម្លាំងសមត្ថកិច្ចនៃការិយាល័យជំនាញ បានបញ្ជូនជនសង្ស័យ២នាក់ រួមទាំងថ្នាំញៀនយ៉ាម៉ា១៣៣គ្រាប់ និងម៉ាទឹកកក១៩ថង់ទៅសាលាដំបូងខេត្ត បន្ទាប់ពីសមត្ថកិច្ចការិយាល័យជំនាញខេត្តបានសហការជាមួយអធិការស្រុកបវេល បានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបានជាបន្តបន្ទាប់ នៅថ្ងៃទី៨ និងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចក្រុមទី៣ ភូមិបវេល១ ស្រុកបវេល ខេត្តបាត់ដំបងកន្លងមក។

តាមរបាយការណ៍របស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចបានស៊ើបអង្កេតអស់ច្រើនថ្ងៃមក សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យក្នុងបទល្មើសជាក់ស្តែងមានឈ្មោះ ផល្លី វី ហៅ ឆ្អឹង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិស្រណាល ឃុំព្រៃខ្ពស់ ស្រុកបវេល ព្រមទាំងរឹបអូសបានថ្នាំញៀន ម៉ាទឹកក៤ថង់ ប្រភេទយ៉ាម៉ា១៣៣គ្រាប់ និងសម្ភារៈមួយចំនួន នាំយកមកអធិការស្រុកដើម្បីសាកសួរ។

ក្នុងរបាយការណ៍ដដែលបានបញ្ជាក់ទៀតថា បន្ទាប់ពីបានចម្លើយពីជនសង្ស័យមក សមត្ថកិច្ចបានចុះទៅឆែកឆេរផ្ទះបក្ខពួកម្នាក់ទៀតមានឈ្មោះ រ័ត្ន ម៉ារ៉ាដូ ហៅប៉ូឡូ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅសាលាដែង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងរឹបអូសបានវត្ថុតាងបន្ថែមទៀតមានម៉ាទឹកកក១៥ថង់ និងសម្ភារៈមួយចំនួនទៀតនាំយកមកសាកសួរ រួចកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖FRESH NEWS