Social Network

រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំបន្ទាន់ជាមួយ​សមត្ថកិច្ចពន្លត់អគ្គិភ័យទាំងអស់​នៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងការជួយសង្គ្រោះ ឲ្យកាន់តែមានប្រសិទ្ធភាព

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបន្ទាន់មួយ ជាមួយក្រុមសមត្ថកិច្ចពន្លត់អគ្គិភ័យទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងការជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលមានគ្រោះអគ្គិភ័យកើតឡើងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

កិច្ចប្រជុំនេះ ដឹកនាំដោយលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងមានការចូលរួមពីនាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ ក្រសួងមហាផ្ទៃ, ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, ក្រុមពន្លត់អគ្គិភ័យក្រុងកោះពេជ្រ, ក្រុមពន្លត់អគ្គិភ័យ OCIC , ក្រុមហ៊ុនតេឡា, ក្រុមហ៊ុនសូគីមិច, ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ, កងពលលេខ៧០ និងកងរាជអាវុធហត្ថ។

មន្ដ្រីរដ្ឋបាលរាជធានីភ្នំពេញ ដែលបានចូលរួមកិច្ចប្រជុំនេះ បានលួចបង្ហើបថា ធ្វើឡើងបន្ទាប់ពីមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ ជុំវិញប្រតិបត្តិការពន្លត់អគ្គិភ័យនៅខណ្ឌទួលគោក នៅទាបភ្លឺថ្ងៃទី១០ ខែឧសភាម្សិលមិញ ដោយសមត្ថកិច្ចនៅអង្គភាពពន្លត់អគ្គិភ័យចំនួន២ បានឈ្លោះប្រកែកគ្នា ទើបធ្វើឲ្យមានការយឺតយ៉ាវ នៃការជួយសង្គ្រោះ។

ហេតុដូច្នេះហើយ ទើបរដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបន្ទាន់នេះឡើង ដោយក្នុងគោលបំណងពង្រឹងការសហការគ្នាជាធ្លុងមួយ ទៅលើការជួយសង្គ្រោះប្រជាជន។ ពាក់ព័ន្ធនឹងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ ក្រសួងមហាផ្ទៃ បានអំពាវនាវឲ្យសមត្ថកិច្ចពន្លត់អគ្គិភ័យ ព្រមទាំងវិស័យឯកជនទាំងអស់ ត្រូវតែរួបរួមគ្នាជាធ្លុងមួយ ដើម្បីអន្ដរាគមន៍ពន្លត់អគ្គិភ័យជូនប្រជាពលរដ្ឋ នៅពេលមានបញ្ហាកើតឡើង។

បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន នៅពេលមានបញ្ហាកើតឡើង គោលបំណងតែមួយគត់គឺសង្គ្រោះប្រជាពលរដ្ឋមុន កុំគិតតែឈ្លោះប្រកែកគ្នា ឬប្រចាំគ្នាឲ្យសោះ។ យោងតាមច្បាប់ស្ដីពី ការបង្ការ និងការពន្លត់អគ្គិភ័យ ឆ្នាំ២០១៣ មាត្រា២៧ បានចែងថា «មន្ដ្រីសមត្ថកិច្ចអគ្គិភ័យដែលខ្វះការទទួលខុសត្រូវ មិនបំពេញភារកិច្ច ឬបំពេញភារកិច្ចដោយមិនត្រឹមត្រូវក្នុងការពន្លត់អគ្គិភ័យ បង្កឲ្យមានការខូចខាតធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់អ្នកដ៏ទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពីមួយលានរៀល ទៅ៤លានរៀល»។

សូមរំលឹកថា នៅវេលាម៉ោងប្រមាណជិត៤ព្រឹកទាបភ្លឺថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ អគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ទៅលើឃ្លាំងលក់គ្រឿងបន្លាស់រថយន្ត និងឃ្លាំងលក់រថយន្ត សរុបចំនួន៣កន្លែង នៅផ្លូវ២១៩ ភូមិ១៥ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមសេចក្ដីរាយការណ៍ផ្ទាល់នៅកន្លែងហេតុ បញ្ជាក់ថា ប្រជាពលរដ្ឋមូលដ្ឋាន រួមទាំងក្រុមម៉ូតូឌុបជាច្រើន បានខឹងសម្បារក្រុមពន្លត់អគ្គិភ័យ ដែលទៅដល់កន្លែងកើតហេតុមុនគេ ដោយមានការស្ទាក់ស្ទើរក្នុងការអន្ដរាគមន៍ជួយសង្គ្រោះ រហូតដល់ប្រជាពលរដ្ឋគំរាមចង់វាយក្រុមសមត្ថកិច្ចពន្លត់អគ្គិភ័យ ទាំងអស់នោះទៀតផង។

នៅក្នុងប្រតិបត្តិការអន្តរាគមន៍ពន្លត់អគ្គិភ័យខាងលើនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបទាំងអស់ចំនួន ៤៣គ្រឿង ដោយក្នុងនោះ មានរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការនគរបាលរាជធានីភ្នំពេញ, រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងរថយន្តពន្លត់របស់អង្គភាព (ង៧០)៕

ដកស្រង់ពី៖FRESH NEWS