Social Network

ដាច់ចរន្តអគ្គិសនីនៅស្រុកចិត្របុរី ខេត្តក្រចេះ ដោយសាររថយន្តរបស់ក្រុមហ៊ុនសាងសង់ ស៊ាងហៃ បើកទាក់ខ្សែបណ្តាញតង់ស្យុងទាប (LV) បណ្តាលឲ្យបាក់បង្គោលភ្លើង៦ដើម

(ក្រចេះ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០៧៖៣៤ នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីខ្សែបណ្តាញតង់ស្យុង៣៥គីឡូវ៉ុល (MV) មូលហេតុមានរថយន្តរបស់ក្រុមហ៊ុនសាងសង់ស៊ាងហៃ បើកទាក់ខ្សែបណ្តាញតង់ស្យុងទាប (LV) បណ្តាលឲ្យបាក់បង្គោលភ្លើងខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ចំនួន០៦ដើម ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ ផ្នែកខ្លះនៃស្រុកចិត្របុរី និងតំបន់សេវាករ ជា សុខខេង និងសេវាករ ឃុន សុខហ្គិច ក្រុមការងារកំពុងធ្វើការប្តូរប្រភពផ្គត់ផ្គង់ ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១២៖២២ នាទីថ្ងៃត្រង់ ។

អគ្គិសនីកម្ពុជាបានឲ្យដឹងបន្ថែមថា លើកលែងតែបន្ទប់ភ្លើងលេខ P145 ដែលស្ថិតនៅ ភូមិដីសម្បទានកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុលខ្សែបណ្តាញ និងដាំបង្គោលបណ្តាញតង់ស្យុងមធ្យម (MV) ដើម្បីភ្ជាប់ចរន្តឲ្យអតិថិជន ឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។

អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែ បណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យ មានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕

ដកស្រង់ពី៖FRESH NEWS