Social Network

​សាលាឆាន់វត្តក្រូចសើច នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបុរសម្នាក់ដុតបំផ្លាញ, សមត្ថកិច្ចប្រើប្រាស់ឡានទឹកអស់៥គ្រឿង ដើម្បីបាញ់ពន្លត់

(កំពង់ចាម)៖ សាលាឆាន់វត្តក្រូចសើច ស្ថិតក្នុងភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានបុរសម្នាក់ដុតបំផ្លាញឆេះស្ទើរទាំងស្រុង ដែលមានទំហំ១០ម៉ែត្រ គុណ២១ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿង។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង០២៖១៥នាទីទាបភ្លឺ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ។ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ក្រោយទទួលព័ត៌មាននេះភ្លាម លោកបានបញ្ជាកម្លាំងនគរបាលជំនាញខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកកំពង់សៀម ចុះជួយអន្តរាគមន៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ២គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន៥រថយន្ត ទើបភ្លើងរលត់ដោយមិនឆេះរាលដាលបន្ត។

បើតាមលោកឧត្តមសេនីយ៍ស្នងការ មូលហេតុនៃការឆេះនេះ បណ្ដាលមកពីឈ្មោះ ពៅ សុភាព អាយុ៣២ឆ្នាំ ដែលសង្ស័យថា មានជម្ងឺសសៃប្រសាទ រស់នៅភូមិល្វាទេ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ជាអ្នកដុតបំផ្លាញ។ ក្នុងគ្រោះថ្នាក់ឆេះសាលាឆាន់នេះ បណ្ដាលឲ្យខូចខាតសម្ភារ រួមមាន ទូរធំដាក់សម្ភារធ្វើអំពីឈើចំនួន០១, ចានឆ្នាំងមួយចំនួនធំ, ទូកឈើ០១ និងគ្រែដេក០៥។

ដោយឡែក ជនបង្កត្រូវកម្លាំងនគរបាលចាប់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕

ដកស្រង់ពី៖FRESH NEWS