Social Network

ក្រោយបញ្ចប់ការសួរនាំ, មនុស្ស៥នាក់ដែលបង្ករបួសស្នាមនៅខណ្ឌឬស្សីកែវ ត្រូវបានតុលាការឲ្យត្រឡប់ទៅវិញ

(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក ពេជ្រ វិជ្ជាធរ បានសម្រេចដោះលែង ក្រុមយុវជន០៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (វាយគ្នាទៅវិញទៅមក) ឱ្យមានសេរីភាពវិញ កាលពីថ្ងៃអាទិត្យកន្លងទៅ។

ការដោះលែងក្រុមជនសង្ស័យទាំង០៥នាក់នេះ ធ្វើឡើងបន្ទាប់ពីលោកស្រី ស៊ឺ វណ្ណី ព្រះរាជអាជ្ញាររង បានបញ្ចប់ការសាកសួរ ហើយបញ្ជូនរឿងទៅកាន់ចៅក្រមស៊ើបសួរបន្តចំណាត់ការនីតិវិធី។ នេះបើយោងតាមមន្ត្រីតុលាការ បានថ្លែងប្រាប់ភ្នាក់ងារយកព័ត៌មានអង្គភាព Fresh News ប្រចាំតុលាការក្រុងភ្នំពេញ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ។ តាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា ករណីហិង្សាដោយចេត្តនា មានស្ថានទម្ងន់ទោសនេះ បានកើតឡើងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៨៖០០នាទី ចំណុចក្នុងបរិវេណវិទ្យាល័យឬស្សីកែវ ស្ថិតក្នុងក្រុមទី០៧ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ។

មូលហេតុដំបូងកើតឡើងដោយភាគីទាំងបានបបួលគ្នា (លេងបាល់សីដក់) ពេលលេងបានប្រហែលមួយម៉ោង ក៏ឈ្លោះប្រកែកគ្នារហូតឈានដល់ការវាយតប់គ្នា រហូតមារបួសជាច្រើននាក់ និងត្រូវគេជួយដឹកយកទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។ ដោយឡែក ជនសង្ស័យចំនួន០៥នាក់ ដែលពាក់ពន្ធ័នូវករណីហិង្សារនេះ ត្រូវសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ ហើយបានកសាងសំណុំរឿងបញ្ជូនមកតុលាការ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ ដើម្បីបន្តចំណាត់ការតាមផ្លូវច្បាប់។

ដើមចមនៃទំនាស់នេះ សមត្ថកិច្ចបានបញ្ជាក់ថា មានយុវជន០២ក្រុមក្រុមទី១ មានឈ្មោះដូចខាងក្រោមទី១៖ ឈ្មោះ ដួង វរធាន ភេទប្រុស អាយុ២៣ឆ្នាំ (រងរបួសបាក់ដៃឆ្វេង និងពកក្បាលពីក្រោយ), ទី២៖ ឈ្មោះ ដួង វរធូ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរតន្ត្រីករ (បែកក្បាល និងបែកមាត់) មានទីលំនៅផ្ទះជួលក្រុមទី៧ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ, ទី៣៖ ឈ្មោះសាមាន សាមីត ភេទប្រុស អាយុ២២ឆ្នាំ (របួសបែកក្បាល), ទី៤៖ ឈ្មោះ សារឿន ករណា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ (របួសបែកចិញ្ចើម) ឃាត់ខ្លួន, ទី៥៖ ឈ្មោះ មាន វាសនា ភេទប្រុស អាយុ១៨ឆ្នាំ កម្មករសំណង់ (ឃាត់ខ្លួន) និងទី៦៖ ឈ្មោះ ថាវ វុធធឿន ភេទប្រុស អាយុ១៧ឆ្នាំ ជាងបាញ់ថ្នាំរថយន្ត (ឃាត់ខ្លួន) មានទីលំនៅក្រុមទី១០ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ជនរងគ្រោះបច្ចុប្បន្នសំរាកព្យាបាលនៅមន្ទីរពទ្យព្រះកេតុមាលា។

ចំណែកភាគីម្ខាងទៀតមានឈ្មោះ ទី១៖ ឈ្មោះ ថាច់ តារ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិសិត្ស (រងរបួសបែកក្បាលនិងឆ្អឹងខ្នង), ទី២៖ ឈ្មោះ គឹម វាសនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស (របួសថ្លោះដែស្តាំ) ឃាត់ខ្លួន, ទី៣៖ ឈ្មោះ រ័ត្ន ភិលា ហៅចិន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរទិញលក់អេតចាយ (ឃាត់ខ្លួន) នទីលំនៅផ្ទះលេខ១០៣ ផ្លូវលំ ក្រុមទី១០ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ៕

ដកស្រង់ពី៖FRESH NEWS