Social Network

ចាប់ខ្លួនជនសង្ស័យ ដែលវាយសម្លាប់បុរសជនជាតិម៉ាឡេស៊ីម្នាក់ នៅក្នុងបន្ទប់ទឹកផ្សាររាត្រីក្រុងបាវិត ព្រោះរឿងគំនុំ

(ស្វាយរៀង)៖ ឃាតកដែលវាយសម្លាប់ជនជាតិម៉ាឡេស៊ី នៅក្នុងបន្ទប់ទឹកមួយកន្លែង ក្នុងផ្សាររាត្រីក្រុងបាវិត ត្រូវបានកងរាជអាវុធហត្ថខេត្តស្វាយរៀង បំបែកសំណុំរឿងបានហើយ។ ឃាតកជាក្មេងឈាមរាវ ហើយមូលហេតុនៃការសម្លាប់នេះ តែជនសង្ស័យខឹង និងមានគំនុំជាមួយជនរងគ្រោះកន្លងមក ដែលធ្លាប់យកជើងដាក់លើក្បាលជនសង្ស័យ (ដោយជនសង្ស័យនិងជនរងគ្រោះដេកលើបង់ ក្នុងបន្ទប់ទឹកនៅ ក្នុងផ្សាររាត្រីទាំង២នាក់)។

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា នៅវេលាម៉ោង២៖៣២នាទីទៀបភ្លឺ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ជនសង្ស័យជាឃាតក ដែលបានវាយសម្លាប់ជនជាតិម៉ាឡេស៊ីនោះ គឺមានឈ្មោះ សៀម ឆៃដែន ហៅ ព្រំឆៃដែន អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃក្រាំងឃុំព្រៃពោន ស្រុកកំពុងត្របែក ខេត្តព្រៃវែង។

សមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃកើតហេតុដោយជនសង្ស័យស្ពឹកជើង ហើយលោតធ្វើឲ្យរំខានដល់ជនរងគ្រោះកំពុងតែដេក ក៏ស្ទុះមកដោយក្នុងដៃមិនដឹងថា កាន់ប៊ិច ឬកាំបិតនោះទេ ទើបធ្វើឲ្យជនសង្ស័យរត់ចេញក្រៅ ទាញឈើជ្រុងមួយដើមវាយទៅលើ ជនរងគ្រោះ៣ឈើជ្រុង បណ្តាលឲ្យជនរងគ្រោះដួលដេកស្លាប់ ក្នុងថ្លុងឈាមយ៉ាងអាណោចអាធ័ម។

សមត្ថកិច្ចបានបន្តថា ដោយយោងតាមចម្លើយរបស់សង្ស័យបានសារភាព គឺក្រោយពីធ្វើសកម្មភាពរួច មកជនសង្ស័យបានដើរចេញសំដៅទៅម្តុំវត្តតាឡុក និងបន្តគេចខ្លួន ទៅស្នាក់នៅបន្ទប់លេខ២១៨ អាគាស្នាក់នៅរបស់បុគ្គលិក ក្នុងកាស៊ីណូហ្គូដឡាក់ ជាបន្ទប់របស់មិត្តភក្តិ គឺសុំមិត្តភក្តិស្នាក់នៅរង់ចាំរកការងារធ្វើ។

បើយោងតាមសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ពីពលរដ្ឋថាមានមនុស្សស្លាប់ ក្នុងបន្ទប់ទឹកខាងលើ កម្លាំងកងរាជអាវុធហត្ថ បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវកំណត់រកមុខសញ្ញា ក្រោយមកដោយទទួល បានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង លោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង ទទួលផែនយុត្តិធម៌ បានដឹកនាំកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវ ឆែកតាមកាមេរ៉ាសុវត្ថិភាព ឃើញសកម្មភាពជនសង្ស័យ រហូតឈានដល់កំណត់មុខសញ្ញា និងឃាតខ្លូនផងដែរ។

ក្នុងការចាប់ឃាតខ្លូននេះដែរ ដោយកម្លាំងសមត្ថកិច្ចចុះដល់បន្ទប់ស្នាក់ នៅរបស់ជនសង្ស័យខាងលើឆែករកឃើញ សំបុត្រកំណើត សៀវភៅគ្រួសារ ជាលទ្ធផលកម្លាំងជំនាញបានកំណាត់មុខសញ្ញាជនសង្ស័យ និងឃាតខ្លួនបានតែម្តងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះនៅបន្ទប់ស្នាក់នៅខាងលើ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកង រាជអាវុធហត្ថខេត្តស្វាយរៀង កំពុងកសាងសំណុំរឿងបញ្ជួន បន្តទៅសាលាដំបូង ខេត្តស្វាយរៀងដើម្បីចាត់ការតាមផ្លូវច្បាប់។ សូមបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង២៖៣២នាទី ទៀបភ្លឺថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចបន្ទប់ទឹកផ្សាររាត្រី ជាប់ភោជនីយដ្ឋានស៊ីឡាយ ស្ថិតនៅក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ពលរដ្ឋបានប្រទះឃើញបុរសជនជាតិម៉ាឡេស៊ីម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម ដោយជនរងគ្រោះឈ្មោះ ខាសេន ស៊ិនគាសេង(CARSEN TION KAI SENG)ភេទប្រុសអាយុ៦៣ ឆ្នាំ ជនជាតិម៉ាឡេស៊ី មុខរបរមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខ K-36579669 ស្រុកកំណើតក្រុងសារ៉ាវ៉ក ប្រទេសម៉ាឡេស៊ី ដែលត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានវាយសម្លាប់៕

ដកស្រង់ពី៖FRESH NEWS