Social Network

រថយន្តកុងតឺន័រមួយគ្រឿង បើកលឿនដូចហោះ​ បុកម៉ូតូមួយគ្រឿង បណ្តាលឲ្យស្លាប់ម្នាក់, អ្នកបើកបររត់គេចខ្លួនបាត់ស្រមោល នៅស្រុកមោងឬស្សី

(បាត់ដំបង)៖ រថយន្តម៉ាក ISUSU កុងតឺន័រពណ៌ស មួយគ្រឿងបើកលឿនដូចហោះ បានបុកអ្នកជិះម៉ូតូ មួយគ្រឿងទៀត បណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗ នៅកន្លែងកើតហេតុ ហើយអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៦៖៤០នាទី ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញ នៅលើផ្លូវជាតិលេខ៥ ចំណុចក្រុមទី៧ ភូមិកកោះ ឃុំកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ យោងតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្ត និងម៉ូតូ បង្កដោយរថយន្តមួយគ្រឿងម៉ាក ISUSU កុងតឺន័រពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២E-៣២៦២ បានបើកលឿនដូចហោះ ធ្វើដំណើរពីទិសភ្នំពេញទៅបាត់ដំបង។

លុះមកដល់ចំណុច ខាងលើបានបុកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ សេរ៊ី២០១៨ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះពៅ សុវណ្ណ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា អ្នកបើបររថយន្តកុងតឺន័រ មិនស្គាល់អត្តសញ្ញាណទេ ព្រោះបន្ទាប់ពីហេតុការណ៍កើតឡើង អ្នកបើកបរនោះ បានរត់គេចខ្លួនបាត់ស្រមោល ដោយមិនចង់ប្រឈមមុខ ដើម្បីដោះស្រាយនោះទេ។ បច្ចុប្បន្នរថយន្ត និងម៉ូតូ រក្សាទុក នៅអធិការនគរបាលស្រុកមោងឫស្សី ចំណែកសពជនរងគ្រោះ ប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដកស្រង់ពី៖FRESH NEWS