Social Network

ទូកដឹកឈើប្រណិតមួយគ្រឿង ចេញពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ត្រូវសមត្ថកិច្ចចុះបង្ក្រាប

(ស្ទឹងត្រែង)៖ បទល្មើសដឹកជញ្ជូនឈើប្រណិត និងឈើប្រភេទលេខ១ តាមរយៈការប្រើប្រាស់ទូកធំៗ នាពេលខែវស្សានេះ ត្រូវគេបានសង្កេតឃើញក្រុមឈ្មួញបានធ្វើសកម្មភាពនាពេលយប់ ហើយធ្វើការលួចដឹកជញ្ជូនឈើខុសច្បាប់។

ជាក់ស្តែងកាលពីយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំនុចវាលខ្សាច់ដុងតាដាំក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង មានទូកធំដឹកឈើប្រណិតចំនួនមួយគ្រឿង ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខេត្ត និងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែងចុះបង្ក្រាប ដែលគេសង្ស័យថាឈ្មោះ យាយ រី ជាម្ចាស់ឈើ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ទូកដឹកឈើធំៗ ដែលធ្វើសកម្មភាពលួចដឹកចេញជារៀងរាល់ថ្ងៃ រាល់យប់នោះ គឺចេញពីចំណុចកោះឬស្សី ក្នុងស្រុកសៀមប៉ាង ចូលមកកាន់ខេត្តស្ទឹងត្រែង និងឆ្លងទៅកាន់ខេត្តផ្សេងៗទៀត ដោយមិនបានខ្លាចញញើតនឹងសមត្ថកិច្ចនោះឡើយ គ្រាដែលទឹកទន្លេនាខែវស្សានេះ បានកើនឡើង និងធ្វើឲ្យក្រុមឈ្មួញងាកទៅធ្វើការដឹកជញ្ជូនតាមរយៈផ្លូវទឹកវិញ។

ប្រភពបន្តទៀតថា មេឈ្មួញធំៗ ដែលតែងតែធ្វើការដឹកជញ្ជូនឈើប្រណិតតាមផ្លូវទឹកទន្លេសេកុង និងទឹកទន្លេមេគង្គជារៀងរាល់ថ្ងៃ គឺត្រូវគេសង្ស័យថាមានម្ចាស់ឈ្មោះ យាយ រី តែម្នាក់ប៉ុណ្ណោះ ដោយប្រើប្រាស់ជាមធ្យោបាយដឹកជញ្ជូនឈើប្រណិតតាមផ្លូវទឹកជាយូរមកហើយ មិនដែលមានសមត្ថកិច្ចបង្ក្រាបបាននោះទេ។

លោក ហ៊ុន សំអឿន មន្ត្រីរដ្ឋបាលព្រៃឈើខេត្ត បានឲ្យដឹងថា ទូកដែលដឹកឈើប្រណិត ហើយត្រូវបានសមត្ថកិច្ចសហការគ្នាបង្ក្រាបបាននោះ គឺបន្ទាប់ពីមានការរាយការណ៍សម្ងាត់មកថា មានការលើកឈើនៅចំណុចខាងលើ ទើបសមត្ថកិច្ចបានចុះទៅពិនិត្យមើលផ្ទាល់ ឃើញពិតប្រាកដ រួចក៏នាំយកទៅកាន់កំពង់សាឡាងខេត្តស្ទឹងត្រែង រង់ចាំពេលព្រឹកឡើងទើបនាំយកទៅរក្សាទុកក្នុងផ្ទះខណ្ឌរដ្ឋបាលព្រៃឈើ។ លោកបន្តថា នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨នេះ ឈើប្រណិតទាំងអស់បាននាំយកទៅរក្សាទុករួចរាល់អស់ហើយ ហើយឈើដែលបង្ក្រាបបានជាប្រភេទឈើធ្នង់សុទ្ធមានចំនួន ៥២ដុំធំ និងតូច៕

ដកស្រង់ពី៖FRESH NEWS