Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ដ្រីនគរបាល​ក្រុងសៀមរាបម្នាក់ ត្រូវប្រពន្ធចាក់សម្លាប់ ដោយសារ​ខឹង​មិនជួយមើលកូនពេល​ឈឺ​, ជនដៃដល់ត្រូវនគរបាលចាប់បាន ក្រោយកើតហេតុ៧ម៉ោង

  • Print

(សៀមរាប)៖ មន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់គោកចក នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ត្រូវបានភរិយាលើដៃប្រហារ ដោយយកកាំបិតចាក់សម្លាប់ នៅវេលាម៉ោងប្រមាណ៤ទាបភ្លឺ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២១០៨នេះ ព្រោះមានជម្លោះបន្ដិចបន្ទួចក្នុងក្រុមគ្រួសារ។

ហេតុការណ៍នេះ កើតឡើងនៅចំណុចក្រុមទី១១ ភូមិឆ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ របាយការណ៍របស់នគរបាលខេត្តសៀមរាប បានបញ្ជាក់ថា បន្ទាប់ពីទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ, នគរបាលក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនគរបាលក្រុងសៀមរាប បានធ្វើការរក្សា និងពិនិត្យកន្លែងកើតហេតុ ហើយបើកការស្រាវជ្រាវ។

លទ្ធផលពិនិត្យកន្លែងកើតហេតុ និងនៅលើសាកសពជនរងគ្រោះ មានស្នាមចាក់ដោយកាំបិត ចំនួន១០ចំណុច ដោយឡែកសម្ភារទ្រព្យសម្បត្តិរបស់ជនរងគ្រោះ មិនមានការបាត់បង់ឡើយ ដូច្នេះនគរបាលជំនាញ បានសន្និដ្ឋានថាករណីនេះ ជាករណីគំនុំ។

លោកវរសេនីយ៍ត្រី នួន ស័ក្តិចំរើនរិទ្ធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ បានឲ្យដឹងថា បន្ទាប់ពីរូបលោកបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ អស់រយៈពេល៧ម៉ោង នៅវេលាម៉ោង១៣៖០០នាទីថ្ងៃខែដដែល មន្ត្រីនគរបាលយុត្តិធម៌ យើងបានធ្វើការកំណត់អត្តសញ្ញាណជនសង្ស័យ និងនាំខ្លួនយកមកធ្វើការសាកសួរ។

ជនសង្ស័យមានឈ្មោះ សុខ លីនី ភេទស្រី អាយុ២៦ឆ្នាំ មានទីកន្លែងកំណើត នៅភូមិដើមចន្ទ សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវជាភរិយារបស់ជនរងគ្រោះឈ្មោះ ហ៊ឹម វណ្ណារ៉ូ អាយុ២៥ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប។

ជនសង្ស័យបានឆ្លើយសារភាពថា មុនពេលកើតហេតុ កាលពីយប់វេលាម៉ោង១២៖២៥នាទី ឆ្លងចូលថ្ងៃទី១៥ ខែសីហា នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងក្រុមទី១១ ភូមិឆ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ខ្លួនបានយកទូរស័ព្ទតេទៅប្ដី ដើម្បីឲ្យមកជួយយកកូន ទៅមន្ទីពេទ្យ ព្រោះកូនឈឺហើយក្អួតចេញមកឈាម តែជនរងគ្រោះបានតបវិញថាចាំស្អែកទៅ។ លុះដល់វេលាម៉ោង០១៖១៣នាទី ជនសង្ស័យបានតេទៅម្តងទៀត ដោយប្រាប់ជនរងគ្រោះថា «បងឆាប់មកៗ កូនយើងកាន់តែមិនស្រួលមែនទែនហើយ» ជនរងគ្រោះ ក៏បានធ្វើដំណើរចេញពីកន្លែងធ្វើការ ដើម្បីទៅយកជនសង្ស័យ និងកូនទៅមន្ទីពេទ្យ។

លុះដល់វេលាម៉ោង១៖៣០នាទី ជនសង្ស័យ ក៏តេមកជនរងគ្រោះម្តងទៀត សួរថា «បងដល់ណាហើយ?» ជនរងគ្រោះបានឆ្លើយថា «ដល់ផ្លូវគ្រួសក្រហម» ហើយជនរងគ្រោះ បានប្រាប់ជនសង្ស័យថា ឲ្យចេញមកនៅចាំមុខផ្ទះ។

ជនសង្ស័យ បានចេញមកចាំដោយមិនឲ្យសមាជិកក្នុងគ្រួសារដឹងឡើយ បន្ទាប់ពីបានជួបគ្នា ហើយបានយកកូនទៅមន្ទីពេទ្យគន្ធបុប្ផា ពេលទៅដល់ហើយជនសង្ស័យ បានឲ្យទូរសព្ទ័ទៅជនរងគ្រោះ ហើយក៏នាំកូនចូលក្នុងមន្ទីពេទ្យ។ លុះចេញពីមន្ទីពេទ្យវិញ ជនរងគ្រោះ (ស្រវឹង) និងជនសង្ស័យ បាននាំគ្នាជិះម៉ូតូនាំកូនមកផ្ទះវិញ ក្នុងអំឡុងពេលជិះម៉ូតូ ត្រឡប់មកផ្ទះវិញ ជនសង្ស័យបានលួងលោមឲ្យប្តីត្រឡប់មកនៅផ្ទះវិញជុំគ្នាវិញ តែជនរងគ្រោះមិនព្រម។

លុះពេលជិតដល់កន្លែងកើតហេតុ ចន្លោះម៉ោង២ជនសង្ស័យ បាននិយាយថា «ធ្វើប្តីអាចម៍អី គ្រាន់តែកូនឈឺមិនជួយមើល» រួចហើយជនសង្ស័យ បានប្រាប់ជនរងគ្រោះឲ្យឈប់ម៉ូតូ ដើម្បីចុះដើរពរកូនពេលនោះជនរងគ្រោះ បានយកកាំបិតចិតបន្លែ មករុញបម្រុងចាក់ជនសង្ស័យ បណ្តាលឲ្យជនសង្ស័យដួលទៅលើដី ពេលនោះកូនរបស់ពួកគេបានស្រែកយំខ្លាំង ដោយឃើញជនរងគ្រោះដួលដែល ជនសង្ស័យបានឆក់យកកាំបិតពីដៃជនរងគ្រោះ បណ្តាលឲ្យមុតម្រាមមេដៃឆ្វេង។

ក្រោយបានកាំបិតហើយជនសង្ស័យ ក៏បានចាក់ទៅលើជនរងគ្រោះជាប្តី ត្រង់ចំណុចពោះ ជាច្រើនកាំបិត បន្ទាប់មកជនសង្ស័យ បានប្រឹងក្រោកដោយភ័យខ្លាចប្តីងើប មកធ្វើបាបខ្លួន និងកូននោះ ជនសង្ស័យក៏បានយកកាំបិត ចាក់ខាងក្រោយខ្នងជនរងគ្រោះ បន្ថែមទៀតដោយមិនដឹងចំកន្លែងណាខ្លះនោះទេ។

បន្ទាប់មកជនសង្ស័យបានពរកូន រត់ចូលក្នុងផ្ទះវិញ លុះដល់វេលាម៉ោង៥៖០០នាទី ជនសង្ស័យបានយកសម្លៀកបំពាក់ដែលស្លៀកពីយប់នោះ ទៅបោកគក់សម្អាត ដើម្បីលាក់បាំងកុំឲ្យគេដឹង ប៉ុន្តែនៅតែមិនអាចលាក់បាំងពីសមត្ថកិច្ចឡើយ។ យោងតាមចម្លើយសារភាព ជនសង្ស័យ និងវត្ថុតាង ដែលដកហូត ត្រូវបាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធីច្បាប់៕

ដកស្រង់ពី៖FRESH NEWS