Social Network

កម្លាំងនគរបាលខេត្តកំពង់ចាម បន្ដបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅស្រុកកងមាស

(កំពង់ចាម)៖ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបន្ដប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់មួយកន្លែង នៅស្រុកកងមាស ដោយដកហូតបានវត្ថុតាងមួយចំនួននិងចាក់លែងកូនត្រីជិត៤០០គីឡូក្រាមចូលទឹកវិញ។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ប្រតិបត្តិការនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បានធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានអំពីបទល្មើសនេសាទខុសច្បាប់ លោកចាត់បញ្ជាអធិការនគរបាលស្រុកកងមាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ចៅ អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទខេត្តកំពង់ចាម បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចបឹងB៦ ឃុំខ្ចៅ ស្រុកកងមាស។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្នុងប្រតិបត្តិការនេះ ដកហូតបាន លូស្បៃមុង ចំនួន៩៦មាត់, របាំងព្រួល ប្រវែង ២,៩៧០ម៉ែត្រ, រ៉ាវ ចំនួន៣១មាត់ និងចាក់លែងកូនត្រីចម្រុះចូលក្នុងបឹងធម្មជាតិ ចំនួន៣៨៣គីឡូក្រាម។ ចំពោះសម្ភារៈវត្ថុតាង បានដុតបំផ្លាញចោលនៅចំណុចក្បាលផ្លូវធ្លាអូរសេង ក្រោយភូមិវ៉ារិន្ទ ឃុំខ្ចៅ ដោយមានការឯកភាពពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម៕

ដកស្រង់ពី៖FRESH NEWS