Social Network

មន្ត្រីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បន្តចុះត្រួតពិនិត្យទំនិញនៅផ្សារដើមគរ ដើម្បីស្វែងរកសារធាតុគីមី

(ភ្នំពេញ)៖ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សាខាកាំកុងត្រូលរាជធានីភ្នំពេញដឹកនាំដោយលោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលចុងទីភ្នំពេញ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មភ្នំពេញ និងគណៈកម្មការផ្សារដើមគរខណ្ឌទួលគោក ចុះត្រួតពិនិត្យទំនិញ និងតាមតូបលក់ទំនិញមួយចំនួន ដើម្បីស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។

លោក គង់ វុទ្ធី បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះមន្ត្រីរបស់លោកបានទិញគំរូចំនួន៤៤ គំរូបញ្ជូនមករថយន្តពិសោធន៍ចល័ត ដើម្បីរកសារកសារធាតុគីមីហាមឃាត់ដូចជា គ្រឿងសមុទ្រ ផ្លែឈើ គុយទាវ មីស្រស់ប្រហុក ផ្អក ជ្រក់ ត្រីងៀត ត្រីប្រាសំយ៉ុង ជាលទ្ឋផលពុំបានរកឃើញសារធាតុគីមីហាមឃាត់ទេ។ លោកបានបញ្ជាក់ទៀតថា មន្ត្រីជំនាញកាំកុងត្រូល នៅគ្រប់បណ្តាសាខា ទូទាំងប្រទេស និងធ្វើសកម្មភាពចុះត្រួតពិនិត្យ ដូចភ្លៀងរលឹម ដើម្បីស្វែងរក និងតាមបង្កា្របអោយបាននូវការផលិត ដែរផ្ទុយពីច្បាប់អនុញ្ញាត្តិ និងការបង្កហានិភ័យដល់សុខុមាលភាពប្រជាពលរដ្ឋ។

មន្ត្រីជំនាញបានធ្វើការណែនាំ ដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូល ចែកចាយ ត្រូវតែស្គាល់ពីប្រភពច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់ ហើយត្រូវបញ្ចប់ការលាយបន្ថែម នូវសារធាតុគីមីឃាត់ទៅលើផលិតផលម្ហូបអាហារដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងបានបន្តណែនាំដល់ក្រុមអាជីវករទាំងអស់ដាក់តាំងលក់ផលិតផលអោយត្រូវតាមលក្ខណះបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ដែលផ្ទុកសារធាតុពុលនិង ម្ហូបអាហារហាមការដាក់តាំងផលិតផលភេសជ្ជះត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផល ហួសកាលបរិច្ឆេទជាដើម។

ជាមួយគ្នានោះ លោក គង់ វុទ្ធី បានបញ្ជាក់ថា សកម្មភាពទាំងនេះធ្វើឡើងតាមបទបញ្ជាប្រធានប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ ដែលគិតអំពីសុវត្ថិភាព និងសុខភាពដល់បងប្អូនប្រជាពលរដ្ឋ ហើយសកម្មភាពនេះគឺបានធ្វើឡើងដូច ភ្លៀងរលឹមយ៉ាងដូច្នេះដែរ៕

ដកស្រង់ពី៖FRESH NEWS