Social Network

អាជីវករផ្សារព្រៃទាចំនួន៤នាក់ ត្រូវនគរបាលខណ្ឌពោធិ៍សែនជ័យ ហៅ​មកសួរនាំ និងធ្វើកិច្ចសន្យាអប់រំ ក្រោយចាប់ស្ដ្រីជនសង្ស័យម្នាក់​កោរសក់ និងធ្វើទារុណកម្ម

(ភ្នំពេញ)៖ អាជីវករផ្សារព្រៃទាចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាល ហៅមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ដែលពាក់ព័ន្ធចាប់ស្ដ្រីជនសង្ស័យជាចោរលួចម្នាក់ កោរសក់ និងធ្វើទារុណកម្មលើរូបរាងកាយ។

អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោកវរសេនីយ៍ឯក យឹម សារ៉ាន់ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា បច្ចុប្បន្នអាជីវករចំនួន៤នាក់ ក្នុងនោះស្រីម្នាក់ ត្រូវកម្លាំងជំនាញហៅមកសួរនាំ ពាក់ព័ន្ធការប្រើប្រាស់ហិង្សា និងចាប់កោរសក់ស្ដ្រីជនសង្ស័យជាចោរលួច នៅក្នុងផ្សារព្រៃទា កាលពីថ្ងៃទី១៣ ខែកញ្ញាម្សិលមិញ។

សម្រាប់ចំណាត់ការបន្ដទៀតយ៉ាងណានោះ មិនទាន់ត្រូវបានលោកវរសេនីយ៍អធិការ បញ្ជាក់ឲ្យដឹងនៅឡើយទេ ដោយលោកគ្រាន់តែបង្ហើបថា រង់ចាំឆ្លងយោបល់ និងសុំគោលការណ៍ពីតំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាមុនសិន ថាត្រូវធ្វើកិច្ចសន្យាអប់រំ ឬមានចំណាត់ការបន្ដយ៉ាងណានោះ។

យ៉ាងណាមិញ សម្រាប់ស្ដ្រីជនសង្ស័យដែលអាជីវករចាប់កោរសក់ និងប្រើប្រាស់ហិង្សានោះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីហៅមកសួរនាំដូចគ្នាដែរ ព្រោះថាក្រោយពេលកើតហេតុអាជីវករ បានដោះលែងត្រឡប់ទៅវិញ។

សូមជម្រាបថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ ស្ដ្រីជនសង្ស័យម្នាក់ ត្រូវអាជីវករផ្សារព្រៃទា អះអាងថា បានលួចទូរស័ព្ទនៅក្នុងផ្សារ ហើយក្រុមអាជីវករបានចាប់ឃាត់ខ្លួន រួចកោរសក់ និងប្រើប្រាស់ហិង្សាលើរូបរាងកាយខ្លះផងដែរ។

បន្ទាប់មកវីដេអូនៃការចាប់កោរសក់ និងប្រើប្រាស់ហិង្សា ត្រូវបានចែកចាយពេញបណ្ដាញសង្គម Facebook ធ្វើឲ្យមហាជនខ្លះរិះគន់ចំពោះសកម្មភាពនេះផងដែរ ដោយបញ្ចេញមតិថា មិនត្រូវប្រើហិង្សានោះទេ គឺត្រូវចាប់បញ្ជូនទៅសមត្ថកិច្ច ដើម្បីផ្ដន្ទាទោសតាមច្បាប់៕

ដកស្រង់ពី៖FRESH NEWS