Social Network

ចាប់ខ្លួន៤នាក់ កាងគ្រឿងចក្រកាយឈូសឆាយដីនៅតំបន់គម្របព្រៃឈើ ក្នុងស្រុកព្រៃនប់ឆ្នាំ២០០២, អភិបាលខេត្តព្រះសីហនុ ព្រមានតាមចាប់ជនល្មើកាងដីអនាធិបតេយ្យ បញ្ជូនទៅកាន់តុលាការ

(ព្រះសីហនុ)៖ បន្ទាប់ពីបានចាប់ក្រុមកាងដីប្រដាប់អាវុធ នៅកោះក្របីស្រុក រួចត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគាររូចមក នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សមត្ថកិច្ចស្រុកព្រៃនប់ បានធ្វើការឃាត់ខ្លួន ក្រុមជើងខ្លាំងចំនួន៤នាក់ផ្សេងទៀត ដែលធ្វើសកម្មភាពកាងដីនៅតំបន់ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ យកមកសួរនាំ ដែលពួកគេបានកាងដីអោយ ឈ្មោះ ថៃ ធីគាវ ក្នុងការឈូសឆាយដោយគ្មានច្បាប់ ព្រោះតែអាងអ្នកមានអំណាចនៅពីក្រោយខ្នង។

ការឃាត់ខ្លួនជនទាំង៤នាក់នេះ បានធ្វើឡើងបន្ទាប់ពីក្រុមនេះ បានទៅកាងគ្រឿងចក្រកាយឈូសឆាយដីនៅតំបន់គម្របព្រៃឈើឆ្នាំ២០០២ ស្ថិតនៅតំបន់ភូមិពូធឿង ឃុំបិត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះដោយសំអាងថា ដីនេះមានបណ្ណ័តាំងពីឆ្នាំ១៩៩៦។

មន្រ្តីសាលាខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា ប័ណ្ណទាំងនេះមានឈ្មោះ ហាក់ដូចជាឈ្មោះចិន ស្រដៀងគ្នានឹងប័ណ្ណសំគាល់សិទ្ធិដែលកន្លងមក គេនិយាយតៗគ្នាថា ជាប្លង់ដែលចិនតៃវ៉ាន់ធ្វើលាងលុយកាលពីជំនាន់ទស្សវត្សរ៍៩០ប៉ុណ្ណោះ។

មួយវិញទៀត ប័ណ្ណទាំងនេះត្រូវបាននិរាកណ៏អស់ទៅហើយ បន្ទាប់ពីរដ្ឋាភិបាលបានដាក់តំបន់នេះជាតំបន់គម្របព្រៃឈើឆ្នាំ២០០២មក។ ប៉ុន្តែប័ណ្ណនេះត្រូវបានអ្នកមានលទ្ធភាពមួយចំនួន នៅតែយកមកប្រើក្នុងការកាន់កាប់ដីនេះដែរ។ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានព្រមានថា លោកនឹងចាត់វិធានការក្តៅតាមច្បាប់ដោយគ្មានការលើកលែងឡើយ ទោះជាអ្នកនោះជានណាក៏ដោយ។ គួររំលឹកថា កន្លងមករដ្ឋបាលខេត្តព្រះសីហនុ បានប្រើវិធានការច្បាប់ក្រុមអានាធិបតេយ្យ និងអ្នកកាងអាងខ្នងបង្អែក អ្នកមានអំណាចនៅពីក្រោយខ្នង បានជាច្រើនករណីមកហើយ។

ចំពោះក្រុមទាំង៤នាក់នេះដែរ សមត្ថកិច្ចស្រុកព្រៃនប់ កំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តនៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

លោក ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា ជនល្មើសទាំង៤នាក់នេះរួមមាន៖ *ទី១៖ ឈ្មោះ ណន គឹមឆេង អាយុ៤៨ឆ្នាំ ស្រុកកំណើតឃុំគងជ័យ ខេត្តកំពង់ចាម សព្វថ្ងៃរស់នៅខេត្តកំពង់ស្ពឺ *ទី២៖ ឈ្មោះ នួន ហាន់ អាយុ៤៣ឆ្នាំ មុខរបរទាហានសិករងព្រៃវែង *ទី៣៖ ឈ្មោះ សិន រដ្ឋា អាយុ៣៦ឆ្នាំ មុខរបរទាហាន ស្រុកកំណើតខេត្តកំពង់ចាម សព្វថ្ងៃរស់នៅភ្នំពេញ *ទី៤៖ ឈ្មោះ សំ កំសាន អាយុ៦៥ឆ្នាំ មុខរបរខាងវិស្វកម្ម រស់នៅខេត្តកំពត៕

ដកស្រង់ពី៖FRESH NEWS