Social Network

សមត្ថកិច្ចចម្រុះខេត្តរតនគិរី ដកហូតឈើគគីរជិត១០០ដុំ ដែលឈ្មួញដឹកទៅ​លាក់ទុក ក្នុងចំការស្វាយចន្ទី​ នៅស្រុកវ៉ើនសៃ

(រតនគិរី)៖ កម្លាំងសមត្ថកិច្ចចម្រុះរួមមាន អាវុធហត្ថលើផ្ទៃប្រទេស, អាវុធហត្ថខេត្ត, អាវុធហត្ថមូលដ្ឋានស្រុកវ៉ើនសៃ និងរដ្ឋបាលព្រៃឈើផ្នែកវ៉ើនសៃ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចុះដកហូត ឈើគគីរចំនួន៩០ដុំ ដែលឈ្មួញដឹកគរលាក់ទុកក្នុងចំការស្វាយចន្ទី ស្ថិតក្នុងភូមិហ្វាំង ឃុំវ៉ើនសៃ ស្រុកវ៉ើនសៃ ខេត្តរតនគិរី។

លោកវរសេនីយ៍ទោ ឃី សុខា ប្រធានមន្ទីរបច្ចេកទេស និងសន្តិសុខ នៃទីបញ្ជាការអាវុធហត្ថខេត្ត បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តរតនគិរីថា ករណីចុះរឹបអូសឈើខាងលើនេះ បន្ទាប់ពីទទួលព័ត៌មានពីអ្នកភូមិរាយការណ៍ ហើយសុំយោបល់ថ្នាក់លើបង្ក្រាបជាក់ស្តែងតែម្តង។

លោកវរសេនីយ៍ទោ ឃី សុខា បន្តថាក្រុមការងារប្រមូលឈើពីកន្លែងផ្សេងគ្នា បានចំនួន៩០ដុំ គឺប្រមូលដាក់មួយកន្លែងសិន។ បច្ចុប្បន្នឈើខាងលើនេះ ត្រូវបានក្រុមការងារ ដឹកយកទៅរក្សាទុកនៅសាលាឃុំវ៉ើនសៃ ដើម្បីរកមធ្យោបាយដឹកទៅរក្សាទុកនៅ ខណ្ឌរដ្ឋបាលព្រៃឈើ។

សូមបញ្ជាក់ថា ទោះបីសមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធខិតខំបង្ក្រាបយ៉ាងណាក៏ដោយ នៅតែមានក្រុមឈ្មួញឈ្លៀតលួចដឹកឈើជាហូរហែ មិនខ្លាចច្បាប់ទាល់តែសោះ៕

ដកស្រង់ពី៖FRESH NEWS