Social Network

នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ដែលពាក់ព័ន្ធករណីគ្រឿងញៀន នៅសង្កាត់គីឡូម៉ែត្រលេខ៦

(ភ្នំពេញ)៖ ជនជាតិវៀតណាមម្នាក់ បានជិះម៉ូតូបោះពួយយ៉ាងលឿន ស្មានតែប្រញាប់មានការសំខាន់អ្វីមួយ ការពិតកំពុងនាំយកគ្រឿងញៀនទៅជួញដូរបន្ត តែជាអកុសលណាស់ ដោយពុំបានទៅដល់គោលដៅផង ស្រាប់តែត្រូវបានលោកវរសេនីយ៍ត្រី សារ៉ាយ ចេង អធិការរងខណ្ឌទទួលបន្ទុកគ្រឿងញៀន ដែលកំពុងបន្តស្រាវជ្រាវ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ បានដេញតាមបង្ក្រាបឃាត់ខ្លួនបានភ្លាមៗ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុម១០ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ នាព្រលប់ម៉ោងជាង៧ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨។

លោកអធិការនគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា លទ្ធផលនៃកិច្ចប្រតិបត្តិការស្រាវជ្រាវ ស្ដីពីករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន រហូតឈានដល់ការដេញតាមបង្ក្រាបបានជាក់ស្តែង មិនចំពោះតែជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងត្រឺង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវនោះទេ ចាំបាច់ណាស់ គឺត្រូវបានអនុវត្តឡើងជាប្រចាំ ហាក់បីដូចជាភ្លៀងរលឹម ក្នុងគោលបំណងអនុវត្តឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព របស់ថ្នាក់ដឹកនាំ ដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។

លោកអធិការ បន្ថែមថា ក្រោយបង្ក្រាបជនសង្ស័យ និងវត្ថុតាងដកហូតបានក្នុងសកម្មភាពជួញដូរ ត្រូវបាននាំយកមកឃុំខ្លួនសាកសួរបន្តស៊ើបអង្កេត នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ក្នុងការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

ដកស្រង់ពី៖FRESH NEWS