Social Network

អាសូរណាស់! ក្មេងស្រីដែលត្រូវឆ្មាខាំបានទទួលមរណភាព បន្សល់ទុកនូវក្តីសោកសង្រេងជាពន់ពេក

(ស្វាយរៀង)៖ ក្មេងស្រីដែលត្រូវសត្វឆ្មាខាំអស់រយៈពេលជាងបីខែមកនេះ បានបាត់បង់ជីវិតហើយ ដោយបន្សល់ទុកសម្លេងទ្រហោយំពីឪពុកម្តាយ និងសាច់ញាតិសោកស្តាយរូបកាយក្មេងស្រីវ័យក្មេង មិនគួរណាឡើយស្លាប់ទាំងវ័យក្មេងបែបនេះសោះ។

ករណីក្មេងស្រីរូបនេះ បានស្លាប់នៅវេលាម៉ោង៦៖១០នាទីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិធ្លកសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ខណៈកំពុងបញ្ជូនមកស្រុកកំណើតវិញ។ បើតាមម្តាយក្មេងស្រីរងគ្រោះ បានប្រាប់ឲ្យដឹងថា កូនស្រីរបស់គាត់ជំងឺធ្វើទុក្ខខ្លាំង និងបាននាំមកព្យាបាលជំងឺឆ្កែឆ្កួត នៅពេទ្យនារាជធានីភ្នំពេញ ប៉ុន្តែគួរឲ្យសោកស្តាយ គ្រូពេទ្យប្រាប់ថា គ្មានវិធីព្យាបាលទេ គឺមានតែយកទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី។

ក្រោយគ្រូពេទ្យប្រាប់បែបនេះ ស្រាប់តែយប់ឡើងកូនរបស់គាត់ បានបាត់បង់ជីវិតចោលឪពុក-ម្តាយ ធ្វើឲ្យរូបគាត់មិនអស់ចិត្តសោះមិនគួរណា ស្លាប់ទាំងវ័យក្មេងបែបនេះ។ កូនស្រីរបស់គាត់ត្រូវបានឆ្មាខាំ តាំងពីដើមខែធ្នូ ឆ្នាំ២០១៨មកម្លេះ ប៉ុន្តែពួកគេមិនបានយកមកចាក់ថ្នាំការពារ នៅមន្ទីរពេទ្យប៉ាស្ទ័រទេ គឺចាក់ថ្នាំការពារនៅក្នុងភូមិ។

ដោយអាការៈកាន់តែខ្លាំង ក៏យកទៅវៀតណាម ប៉ុន្តែគ្រូពេទ្យវៀតណាម ក៏បានប្រាប់ថាគ្មានលទ្ធភាព ទើបមកព្យាបាលនៅពេទ្យក្នុងរាជធានីភ្នំពេញ តែជាការសោកស្តាយមិនអាចជួយសង្រ្គោះជាតិជីវិតបានទេ។ ជុំវិញករណីក្មេងស្រីដែលត្រូវឆ្មាខាំ មន្ត្រីសុខាភិបាលខេត្តស្វាយរៀង បានអំពាវនាវដល់ឪពុក-ម្តាយ និងអាព្យាបាលគ្រប់រូប ត្រូវប្រុងប្រយ័ត្នទាំងអស់គ្នាចំពោះកូនៗ ព្រោះក្មេងស្រីម្នាក់អាយុ១០ត្រូវឆ្មាខាំ និងក្រញៅ បានឆ្លងជំងឺឆ្កែឆ្កួត និយាយមិនសូវដឹងអ្វី ហើយមានអាការៈប្រកាច់ៗ បណ្តាលឲ្យបាត់បង់ជីវិត។

បើមានករណីត្រូវឆ្កែ ឬឆ្មាខាំសូមប្រញ៉ាប់នាំជនរងគ្រោះ មកកាន់មន្ទីរពេទ្យឲ្យបានឆាប់ ដើម្បីក្រុមគ្រូពេទ្យជួយសង្គ្រោះចាក់ថ្នាំការពារជំងឺឆ្កែឆ្កូត ទាន់ពេលវេលាកុំទុករហូតធ្ងន់ធ្ងរដូចករណីក្មេងស្រី ព្រោះជំងឺនេះមានផ្ទុកមេរោគយ៉ាងកាចសាហាវណាស់៕

ដកស្រង់ពី៖FRESH NEWS