Social Network

លោកសេរី កុសល ជាប់​ចោទ​បាញ់​គំរាម​សម្លាប់…

ខេត្តបាត់ដំបង ៖ លោក សេរី កុសល ដែលគេស្គាល់ថា ជាមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានត្រូវពលរដ្ឋក្រីក្រមួយគ្រួសារនៅស្រុកសំឡូត ដាក់ពាក្យបណ្ដឹងទៅកាន់កងរាជអាវុធហត្ថ ដោយចោទប្រកាន់ថាបានប្រើប្រាស់កាំភ្លើងអាកា៤៧ បាញ់គំរាមសម្លាប់ពួកគាត់ ខណៈពួកគាត់៤នាក់កំពុងអង្គុយរើសផ្លែសំរងភ្នំ នៅក្នុងព្រៃមួយកន្លែង កាលពីជាងមួយសប្ដាហ៍មុននេះ ដែលការបាញ់នោះគឺ លោកសេរី កុសល បានចោទពួកគាត់ថា ជាអ្នកកាប់ទន្ទ្រានព្រៃនៅតំបន់នោះ។

សំណុំរឿងបាញ់គំរាមសម្លាប់ពលរដ្ឋដោយមន្ត្រីជាន់ខ្ពស់ខាងលើនេះ ត្រូវគេទម្លាយឲ្យដឹង កាលពីព្រឹកថ្ងៃ ទី២៨ ខែមេសា ដោយសារតែគ្រួសារជនរងគ្រោះ និងប្រជាពលរដ្ឋដទៃទៀត រួមទាំងមន្ត្រីនានាដែលរស់នៅតំបន់នោះផង មានការឈឺចាប់ មិនអាចស៊ូទ្រាំនឹងទង្វើនោះបាន រីឯសមត្ថកិច្ចដែលទទូលចាត់ការលើបណ្ដឹងបាញ់ប្រហារនេះ ហាក់ស្ងាត់ឈឹងមិនកម្រើកទៀត ។

យោងតាមសេចក្ដីរាយការណ៍ពីមន្ត្រីស្រុកសំឡូត បានឲ្យដឹងថា ហេតុការណ៍ដែលលោកសេរី កុសល ប្រើប្រាស់កាំភ្លើងអាកា៤៧ បាញ់គំរាមសម្លាប់ពលរដ្ឋនោះ បានកើតឡើងកាលពីវេលាម៉ោង៨និង៥៧នាទីព្រឹកថ្ងៃទី២០ ខែមេសា កន្លងទៅថ្មីៗនេះ ខណៈដែលពលរដ្ឋមួយគ្រួសារមានគ្នា៤នាក់ កំពុងនាំគ្នាអង្គុយរើសផ្លែសំរងភ្នំនៅក្នុងព្រៃមួយកន្លែង ក្បែរដីចម្ការលោក សេរី កុសល ត្រង់ចំណុចភ្នំរទេះសេះ ស្ថិតក្នុងភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ។

ប្រភពដដែលបន្តថា លោក សេរី កុសល បានកាន់កាំភ្លើងអាកាស្វាយបត់ បាញ់ផ្ញុចដី១គ្រាប់ក្បែរខ្លួនយុវជនម្នាក់ដែលកំពុងអង្គុយរើសផ្លែសំរង ជាមួយនឹងសម្រែកគំរាមបាញ់សម្លាប់ ខណៈអង្គរក្សរបស់គាត់ម្នាក់កាន់កាំបិតខ្វែវនៅក្នុងដៃ។ មន្ត្រីដដែលបញ្ជាក់ថា ជាមួយនឹងការផ្ទុះអាវុធនេះ លោក សេរី កុសល បានចោទប្រកាន់ពលរដ្ឋថា«ជាអ្នកកាប់ទន្ទ្រានដីព្រៃ» ។

ពលរដ្ឋទាំង៤នាក់ខាងលើនេះមាន ១-ឈ្មោះ ហ៊ិន ដានី ភេទប្រុស អាយុ៣៧ឆ្នាំ ២-ឈ្មោះ មាស រ៉េនភេទស្រី អាយុ៣៥ឆ្នាំ ទាំង២នាក់នេះជាប្ដីប្រពន្ធ ៣-ឈ្មោះ ផុន វីរៈ ភេទប្រុស អាយុ១៧ឆ្នាំ ជាកូន និង៤-ឈ្មោះ ឡុក ឃឹម ភេទប្រុស អាយុ៦២ឆ្នាំ ជាអ្នកភូមិនៅក្បែរគ្នា ។

លោក ហ៊ិន ដានី បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៩ ខែមេសាថា ក្រុមគ្រួសាររបស់គាត់ចំនួន៣នាក់ និងអ្នកភូមិម្នាក់ទៀត ពិតជាបានរងការបាញ់គំរាមសម្លាប់ពីសំណាក់លោក សេរី កុសល មែន ។

គាត់និយាយថា អ្នកដែលស្ថិតក្នុងហេតុការណ៍នោះ មានរូបគាត់ ប្រពន្ធគាត់ កូនប្រុសគាត់ និងអ្នកភូមិម្នាក់ទៀត ដូចមានឈ្មោះខាងលើ ។ គាត់គ្រាន់តែជាអ្នករើសផ្លែសំរងដើម្បីលក់ចិញ្ចឹមជីវភាពគ្រួសារ តែត្រូវលោក សេរី កុសល បាញ់គំរាមហើយចោទពួកគាត់ថា ជាអ្នកកាប់ទន្ទ្រានព្រៃទៅវិញ» ។

ចំណែកអ្នកស្រី មាស រ៉េន និយាយថា ពេលពួកគាត់កំពុងនាំគ្នារើសផ្លែសំរង ស្រាប់តែឃើញរថយន្តឡិចស៊ីសពណ៌ស១គ្រឿង បើកមកឈប់លើផ្លូវក្បែរនោះប្រហែល៥០ម៉ែត្រ ។ គ្រានោះគាត់ឃើញមនុស្សប្រុស២នាក់ចុះពីរថយន្តដើរសំដៅមករកពួកគាត់ ហើយក្នុងចំណោមនោះគាត់ស្គាល់ច្បាស់ម្នាក់គឺលោក សេរី កុសល ដែលកាន់កាំភ្លើងអាកា និងម្នាក់ទៀតទំនងជាអង្គរក្ស កាន់កាំបិតខ្វែវ ។

អ្នកស្រីបន្តថា លោក សេរី កុសល បានដើរយ៉ាងលឿនសំដៅកូនប្រុសគាត់ដែលកំពុងអង្គុយ រើសផ្លែសំរង ដោយមិននិយាយស្ដីទេ ស្រាប់តែលើកកាំភ្លើងបាញ់បុកដីឃ្លាតពីកូនគាត់ប្រហែល១ម៉ែត្រ រួចស្រែកគំរាមថា «ពួកឯងជាពួកកាប់រានព្រៃ» ។

មិនតែប៉ុណ្ណោះ លោក សេរី កុសល ស្រែកគំរាមបាញ់សម្លាប់ពួកគាត់ទៀតផង ។ គាត់បញ្ជាក់ថា ពេលស្ថិតក្នុងស្ថានភាពដ៏ប្រឈមបែបនេះ ប្ដីរបស់គាត់បានយកទូរស័ព្ទថតសកម្មភាព តែត្រូវលោក សេរី កុសល ស្ទុះទៅទះកំផ្លៀងប្ដីគាត់ដោយស្រែកគំរាមមិនឲ្យថត ។ រីឯអង្គរក្សគាត់ក៏ស្ទុះទៅទាញកាំភ្លើងពីដៃលោកសេរី កុសល ចេញភ្លាមៗដែរ ខណៈគាត់ស្ទុះទៅចាប់រុញលោក សេរី កុសល ចេញ ព្រោះខ្លាចវាយប្ដីគាត់ទៀត ។ បន្ទាប់ពីមានការប្រទូស្ដរា៉យគ្នាមួយប្រាវទើបបែកគ្នារៀងៗខ្លួន ។

ជាមួយនឹងការផ្ទុះអាវុធនេះ អ្នកស្រី មាស រ៉េនបញ្ជាក់ថា មិនបណ្ដាលឲ្យកូនប្រុសគាត់គ្រោះថ្នាក់ទេ តែពេលបាញ់នោះធ្វើឲ្យខ្ទាតថ្មត្រូវរបួសជើងកូនគាត់ ។ លោក ហ៊ិន ដានី បាននិយាយដែរថា ក្រោយហេតុការណ៍កើតឡើង នៅរសៀលថ្ងៃដដែលក្រុមគ្រួសារគាត់និងអ្នកភូមិម្នាក់ទៀត បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលសំឡូត តែគេមិនហ៊ានទទួលពាក្យបណ្ដឹងរបស់គាត់ទេ ខណៈមន្ត្រីនគរបាលប៉ុស្ដិ៍ប្រចាំច្រកតំបន់«៤០០» បានទទួលនិងសួរនាំខ្លះៗពីបញ្ហានេះ ។ ប៉ុន្តែជាមួយគ្នានេះ គាត់ក៏បានដាក់ពាក្យបណ្ដឹងផងដែរ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំឡូត ដើម្បីឲ្យជួយអន្តរាគមន៍ តែរហូតមកដល់ពេលនេះហាក់ដូចមិនទាន់មានចំណាត់ការអ្វីនៅឡើយទេ ។

កោះសន្តិភាព មិនអាចទំនាក់ទំនងស្វែងរកប្រភពណាមួយពីភាគីលោក សេរី កុសល ឬលោកសេរី កុសល ដោយផ្ទាល់ ដើម្បីបំភ្លឺតបទៅនឹងការចោទប្រកាន់ខាងលើនេះបាននៅឡើយទេនាព្រឹកថ្ងៃទី២៩ ខែមេសា តែរំពឹងថាក្រោយការចុះផ្សាយពីសំណុំរឿងនេះ លោកពិតជាធ្វើការបកស្រាយបំភ្លឺជុំវិញការចោទប្រកាន់នេះជាមិនខាន ។

ប៉ុន្តែមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំឡូត លោក ជួប នោ បាន ប្រាប់កោះសន្តិភាពនាព្រឹកថ្ងៃដដែលនោះថា ពិតជាមានប្រជាពលរដ្ឋប្ដឹងចោទប្រកាន់លោក សេរីកុសល មែនពាក់ព័ន្ធនឹងការផ្ទុះអាវុធខាងលើ។

ប៉ុន្តែលោក ជួប នោ មិនបាននិយាយលំអិតពាក់ព័ន្ធនឹងហេតុការណ៍បាញ់គំរាមពលរដ្ឋនេះទេ ដោយលោកគ្រាន់តែបញ្ជាក់ប្រាប់យ៉ាងខ្លីថា «រឿងនេះកំពុងស៊ើបអង្កេត.. ហើយពេលនេះ ខ្ញុំកំពុងប្រជុំនៅខេត្ត»។ ទោះជាយ៉ាងណា បើតាមការពិនិត្យលើរូបភាពដែលគេអះអាងថា ជាសកម្មភាពរបស់លោកសេរី កុសល ពាក់អាវសដៃខ្លី មានកាន់កាំភ្លើងអាកាស្វាយបត់ថ្មីសន្លាងក្នុងដៃផងនោះ ព្រមទាំងបើកភ្នែកធំៗត្រូវបានជនរងគ្រោះអះអាងថា គឺពួកគាត់ជាអ្នកថតសកម្មភាពលោក សេរី កុសល ដោយផ្ទាល់នៅថ្ងៃកើតហេតុនោះ។

លោក សេរី កុសល បានព្យាយាមដណ្ដើមទូរស័ព្ទ និងទាមទារឲ្យលុបរូបនេះចេញដែរ តែពួកគាត់មិនព្រមលុបទេ ព្រោះទុកជាឯកសារ ដើម្បីប្ដឹងទៅសមត្ថកិច្ច។ រហូតដល់ពេលនេះ មិនទាន់មានតម្រុយអំពីចំណាត់ការរបស់សមត្ថកិច្ចយ៉ាងណានៅឡើយទេ គឺហាក់ដូចជាស្ងាត់ច្រៀបនៅឡើយ ៕

ដកស្រង់ពី៖កោះសន្តិភាព