Social Network

សហព័ន្ធប្រដាល់គុនខ្មែរប្រកាសច្បាស់ហើយ រឿងដាក់ការប្រកួត ជាការទទួលខុសត្រូវរបស់សហព័ន្ធ

ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ឯកឧត្ដម តែម ម៉ឺន បញ្ជាក់អំពីការដាក់ពិន្ទុ ក្នុងការកាត់សេចក្ដីចាញ់ ឬឈ្នះចាប់ពីពេលនេះទៅគឺជាការទទួលខុសត្រូវរបស់សហព័ន្ធ មិនជាប់ពាក់ព័ន្ធជាមួយខាងស្ថានីយទូរទស្សន៍នោះទេ។

ប្រធានសហព័ន្ធថ្លែងក្នុងកិច្ចប្រជុំជាមួយមន្ត្រីសហព័ន្ធ អាជ្ញាកណ្ដាល ចៅក្រម កាលពីម្សិលមិញនេះថា យោងតាមការប្រជុំកាលពីថ្ងៃទី៣០ ខែមេសា ២០១៩ ជាមួយខាងស្ថានីយទូរទស្សន៍ចំនួន៥កន្លងទៅនេះ បានសម្រេចច្បាស់ហើយថា ចាប់ពីនេះទៅរាល់ការកាត់សេចក្ដីគឺមិនពាក់ព័ន្ធជាមួយស្ថានីយនោះឡើយ។

ឯកឧត្ដម តែម ម៉ឺន បន្ថែមទៀតថា ដោយមានការចង្អុលបង្ហាញផ្ទាល់ពីសម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៤ ខែមេសា កន្លងទៅនេះ ទាក់ទងទៅនឹងការកាត់សេចក្ដីលើការប្រកួតកន្លងទៅមានការខ្វះចន្លោះ ឲ្យពិនិត្យ និងយកចិត្តទុកដាក់លើរឿងនេះឡើងវិញ។

ខាងសហព័ន្ធក៏បើកការប្រជុំជាបន្តបន្ទាប់រហូតសម្រេចដូចខាងលើជាមួយបណ្ដាស្ថានីយបែបនេះទៅ។តំណាងស្ថាប័នប្រដាល់រូបនេះលើកឡើងទៀតថា កន្លងមកការកាត់សេចក្ដីនេះគឺមានការធ្វើការហួសដែនកំណត់រវាងសហព័ន្ធ និងខាងស្ថានីយមែន ដោយសារចៅក្រមដាក់ពិន្ទុធ្វេសប្រហែស ឬខុសឆ្គងចំពោះការកាត់សេចក្ដី ដូច្នេះខាងស្ថានីយចេះតែក្រើនរំលឹក ឬប្រាប់ជាញយៗរហូតពេលខ្លះទៅជាទម្លាប់ ដែលជាហេតុមានការមិនដាច់ស្រឡះរវាងគ្នានិងគ្នា។

ទោះបីជាយ៉ាងណា ចាប់ពីពេលនេះតទៅ មិនមានបញ្ហាការកាត់សេចក្ដីនេះកើតឡើងទេ ពោលខាងស្ថានីយមានសិទ្ធិត្រឹមតែផ្ដល់ជាថវិកាឧបត្ថម្ភ និងសម្ភារៈប្រកួតប៉ុណ្ណោះ ក្នុងករណីការដាក់ពិន្ទុមិនត្រឹមត្រូវ ហើយមហាជនរិះគន់ គឺជាការទទួលខុសត្រូវរបស់សហព័ន្ធទាំងស្រុង។

រំលឹកដែរថា ការប្រជុំផ្ទៃក្នុងរបស់សហព័ន្ធប្រដាល់គុននេះធ្វើឡើងនៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ។ នេះជាការប្រជុំលើកទី៣ហើយរបស់សហព័ន្ធ បន្ទាប់ពីមានការស្ដីបន្ទោសរបស់សម្ដេចតេជោ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ ក្នុងពិធីពិសាអាហារសាមគ្គីជាមួយក្រុមគ្រួសារកីឡា៕