Social Network

សហព័ន្ធ​សម្រេច​យក​បឹង​តាមោក ធ្វើជា​​កន្លែង​ប្រកួត​កីឡាទឹក​២ប្រភេទ​នៅ​​ស៊ីហ្គេម

បឹងតាមោក ដែលស្ថិតក្នុងរាជធានីភ្នំពេញ ត្រូវបានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា យកធ្វើជាវារីកីឡដ្ឋានសម្រាប់ការប្រកួតកីឡាប្រភេទនេះ ទាំងថ្នាក់ជាតិ និងអន្តរជាតិ។

នេះបើតាមការបញ្ជាក់របស់លោក មាស សារិន អនុប្រធានអចិន្ត្រៃយ៍សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដែលបានថ្លែងទៅកាន់អ្នកកាសែតបន្ទាប់ពីចប់កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៤ ឆ្នាំ២០១៩-២០២៣ កាលពីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។ លោកបានបញ្ជាក់ថា ការយកបឹងតាមោក ធ្វើជាវារីកីឡដ្ឋាន គឺជាការប្រសើរបំផុតពោលគឺវាជារមណីយដ្ឋានសម្រាប់ការកម្សាន្តផង និងជាទីកន្លែងដែលនៅជិតក្រុងផង។

លោកអនុប្រធានបន្តថា ជាផែនការយុទ្ធសាស្រ្តនៅឆ្នាំ២០១៩ ទីកន្លែងនេះ នឹងត្រូវប្រកួតកម្រិតថ្នាក់ជាតិ ហើយនៅឆ្នាំ២០២០ នឹងត្រូវបើកប្រកួតសាកល្បងបច្ចេកទេសជាមួយប្រទេសក្នុងតំបន់ ដើម្បីវាស់កម្រិតសមត្ថភាព។

មិនតែប៉ុណ្ណោះ វានឹងត្រូវធ្វើជាកន្លែងប្រកួតសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ផងដែរ។ ជាមួយគ្នានេះ លោក មាស សារិន ក៏បានលើកឡើងដែរថា៖ «ចង់បានកម្លាំងមួយជាកម្លាំងចលករដើម្បីឲ្យសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាឆ្ពោះទៅមុខ ពីព្រោះការកកើតតាំងពីឆ្នាំ១៩៩៨ រហូតមកដល់ពេលនេះ ច្រើនឆ្នាំមកហើយ ដោយយើងធ្វើដំណើរយឺតបំផុតដោយសារបញ្ហាកង្វះខាត ដែលជាហេតុមិនអាចធ្វើការវិវឌ្ឍបាន ហើយបើមានការគាំទ្រពេញទំហឹងបែបនេះ បច្ចេកទេសយើងក៏ទៅមុខដែរ។

ហើយនៅថ្ងៃនេះ ទទួលបានការគាំទ្រពីសម្តេចក្រឡាហោម ស ខេង និងសមាជិកទាំងអស់ គឺយើងមានវិធីដើម្បីរកថវិកាទ្រទ្រង់សកម្មភាពកីឡារបស់យើងឲ្យមាននិរន្តភាព»៕

ដកស្រង់ពី៖ Sabay