Social Network

កូយ ឡាយ ផ្ដើមយុទ្ធនាការជម្រុះខ្សែក្រវាត់ប្រាក់ទី៣អធិរាជគុនខ្មែរ ISI Palm

ជើងខ្លាំងកំពុងឡើងកូដ កូយ ឡាយ នឹងបើកដំណើរផ្សងព្រេងដ៏ធំលើកដំបូងរបស់ខ្លួននៅថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ដោយផ្ដើមយុទ្ធនាការជម្រុះខ្សែក្រវាត់ប្រាក់ទី៣ក្នុងកម្មវិធីអធិរាជគុនខ្មែរ ISI Palm ដ៏រំភើបប្រចាំស្ថានីយទូរទស្សន៍ PNN។

សិស្សគុនក្លិបទ័ពពិសេសឆ័ត្រយោង៩១១ រហស្សនាមកណ្ដាប់ដៃព្យុះសង្ឃរាបំបែកផ្ទាំងសិលាត្រូវតតាំងនឹងបេក្ខជនឆ្លងដែនពីប្រទេសថៃ គឺអ្នកលេងកែងប្រឡែងជើង ជ្មួកភិត ដើម្បីដណ្ដើមកៅអីទៅវគ្គផ្ដាច់ព្រ័ត្រយកខ្សែក្រវាត់ប្រាក់បន្ទាប់ពីមិត្តរួមជាតិ ឡៅ ចិត្រា និងឡុង ជិន ដណ្ដើមបានសម្រេចរៀងៗខ្លួន។

ចំណែកគូមិត្តភាពអន្តរជាតិដ៏កក្រើកអមវគ្គជម្រុះយ៉ាងអស្ចារ្យនេះ គឺខ្លាល្អិតចិត្តដំរីសារ ខាំ ខ្លានាង ល្បងស្នៀតជាមួយកំពូលអ្នកប្រដាល់ថៃគីឡូស្រាល វ៉សិនឆ័យ សមស័ក្ដិកសាង ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម។

ក្រៅពីការប្រកួតយ៉ាងរំជើបរំជួលខាងលើ ក៏នៅមានគូអមដោយពន្លកគុនខ្មែរ និងថៃ២គូទៀតដែលនឹងផ្ដល់ឈុតឆាកជក់ចិត្តដល់ទស្សនិកជនទាំងនៅសង្វៀនផ្ទាល់ និងតាមគេហដ្ឋាន។គួរបញ្ជាក់ថា អធិរាជគុនខ្មែរ ISI PALM ផ្សាយផ្ទាល់នៅថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ លើកញ្ចក់ទូរទស្សន៍ PNN ពីសង្វៀនព្រែកព្នៅដ៏ល្អឯកត្រជាក់ចិត្ត ព្រមទាំងផេក PNN Sports & ISI STEEL៕