Social Network

Everton ទិញ​បាន​ Iwobi ខណៈ​ Carroll ទៅ​ Newcastle វិញ​នៅ​ថ្ងៃ​ចុង​ក្រោយ​

ទីផ្សារដោះដូរកីឡាករបានបិទទ្វារជាស្ថាពរត្រឹមយប់មិញនេះ ដោយយោងលើច្បាប់ថ្មីដែលតម្រូវឲ្យក្លឹបទាំងអស់បញ្ចប់ការទិញដូរមុនការប្រកួត Premier League ចាប់ផ្ដើម។

នៅថ្ងៃចុងក្រោយមានការដោះដូរគួរឲ្យកត់សម្គាល់មួយចំនួនពីសំណាក់ក្លឹបនានា ក្នុងនោះមានដូចជា Everton បានចុះហត្ថលេខាយក Alex Iwobi ពី Arsenal តម្លៃ៣៤លានផោនក្នុងកុងត្រារយៈពេល៥ឆ្នាំ។

Iwobi មានវ័យត្រឹម២៣ឆ្នាំ និងតួនាទីលេងជាខ្សែបម្រើ ស៊ុតបញ្ចូលទី១៥គ្រាប់ ក្នុង១៤៩ប្រកួតឲ្យ Arsenal។ ដោយឡែក Andy Carroll បានចុះហត្ថលេខា១ឆ្នាំជាមួយក្លឹបចាស់ Newcastle ក្រោយ West Ham មិនបន្តកុងត្រាថ្មីឲ្យ។

ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសស៊ុតបញ្ចូលទី៣៣គ្រាប់ឲ្យក្រុមរហស្សនាមសារិកាព្រៃកាលពីជាង១០ឆ្នាំមុន មុនពេលផ្ទេរទៅ Liverpool និង West Ham ប៉ុន្តែអាជីពបាល់ទាត់របស់គេញាំញីខ្លាំងដោយសាររបួស។

Tottenham វិញបានចុះហត្ថលេខាយកខ្សែបម្រើជម្រើសជាតិអង់គ្លេសអាយុក្រោម២១ឆ្នាំ Ryan Sessegnon ពី Fulham ក្នុងតម្លៃ២៥លានផោន និងខ្ចីជើងខ្សែបម្រើអាហ្សង់ទីន Giovani lo Celso ពី Real Betis៕

ដកស្រង់ពី៖ Sabay