Social Network

ចាន់ រតនា ប្រឹងគ្រប់វិធី ដើម្បីយកខ្សែក្រវាត់ ONE ជូនជាតិ

កីឡាករគុនចម្រុះកម្ពុជា ចាន់ រតនា នឹងឈានជើងចូលសង្វៀន ONE Championship ជាថ្មី នាថ្ងៃទី១៦ ខែសីហាខាងមុខនេះ ទល់នឹងកីឡាករគុយបា Gustavo Balart ក្នុងព្រឹត្តិការណ៍ ONE: DREAMS OF GOLD។

ការប៉ះ Balart នៅ Impact Arena នាទីក្រុងបាងកកលើកនេះ គឺពិតជាមិនងាយស្រួលឡើយសម្រាប់រតនា។ រតនា និយាយថា៖ "គាត់ (Balart) គឺជាគូប្រកួតដ៏តានតឹងមួយរូប ហើយខ្ញុំដឹងថា គាត់បានហ្វឹកហាត់ និងត្រៀមយ៉ាងខ្លាំងក្លាដូចខ្ញុំដែរ"។

រតនា បន្តថា៖ "គោលដៅរបស់ខ្ញុំ គឺក្លាយជាអ្នកប្រដាល់កម្ពុជាទី១ ដែលឈ្នះខ្សែក្រវាត់ ONE Championship"។"ខ្ញុំបានហ្វឹកហាត់យ៉ាងពេញលេញនៅក្លឹបរបស់ខ្ញុំ គឺក្លឹបសិល្បៈ (Selapak) ក៏ដូចជាហាត់ក្បាច់ក្លេ BJJ នៅក្លឹប H/Art Academy និងហាត់កម្លាំងនៅក្លឹប LL Fitness និង SuperFit Gym។

បន្ថែមលើនេះ ខ្ញុំក៏ជាផ្នែកមួយនៃក្រុម FFG (Fight For Good) ដែលមានមិត្តរួមក្រុមជាកីឡាករជើងខ្លាំងមីយ៉ាន់ម៉ា Phoe Thaw ជាអ្នកឲ្យទឹក អំឡុងការប្រកួតផងដែរ។ ខ្ញុំបានធ្វើអ្វីគ្រប់យ៉ាង តាមដែលអាចធ្វើទៅបាន ធ្វើយ៉ាងណាអាចរកជ័យជម្នះក្នុងប្រកួតនេះ ដើម្បីឈានទៅសម្រេចគោលដៅរបស់ខ្ញុំ"។

សូមបញ្ជាក់ថា ២ប្រកួតចុងក្រោយនៅ ONE Championship រតនា បានផ្ដួលដៃគូឲ្យចុះចាញ់នៅទឹកទី២ ដូចគ្នា ពោលគឺផ្ដួលកីឡាករឥណ្ឌូណេស៊ី/ទីម័រ Abrou Fernandes កាលពីខែធ្នូ ឆ្នាំមុន និងផ្ដួលកីឡាករឥណ្ឌូណេស៊ី Rudy Agustian កាលពីខែឧសភាកន្លងទៅ៕