Social Network

គ្រូកម្ពុជា លើកឧទាហរណ៍រឿង១ក្រុមមាន Messi ឬ Ronaldo ១១នាក់ មិនប្រាកដលេងឈ្នះគេ

ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងហុងកុង កាន់តែកៀកមកដល់មែនទែនហើយ ពោលគឺនៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះសម្រាប់ការប្រកួតជម្រុះ World Cup 2022 ។

ក្រុមជម្រើសជាតិកម្ពុជា ក៏បានបញ្ចេញបញ្ជីឈ្មោះកីឡាកររបស់ខ្លួនរួចរាល់ហើយដែរ ហើយភាគច្រើននៃពួកគេគឺជាកីឡាករថ្មី និងក្មេងៗ។ លោក Felix គ្រូបង្វឹកក្រុមកម្ពុជា បានពន្យល់ពីការជ្រើសរើសនេះថា លោករើសកីឡាករមានវិន័យ មានឆន្ទៈ និងខិតខំប្រឹងប្រែងលេង សហការគ្នាជាក្រុម ដើម្បីបង្កើតជាឈុត១១នាក់ដ៏ល្អនិងអាចប្រកួតប្រជែងជាមួយគេបាន។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន ក៏បានបន្ថែមទៀតថាកីឡាករបាល់ទាត់ជាកីឡាលេងជាក្រុម មិនអាចកំណត់លើនរណាម្នាក់ ល្អម្នាក់ ពីរនាក់ អាចជោគជ័យបានឡើយ។ ទាល់តែមួយក្រុមយល់ចិត្តគ្នា ទើបអាចជោគជ័យបាន។

លោកក៏បានលើកជាឧទាហរណ៍ខ្លីមួយមកបញ្ជាក់ដែរថា ក្រុមមួយដែលមាន Messi ឬ Ronaldo ដល់ទៅ១១នាក់ ក៏មិនប្រាកដថាអាចលេងឈ្នះគេដែរ។ បាល់ទាត់គឺជាការលេងជាក្រុម សហការគ្នា វាខុសប្លែកពីកីឡាផ្សេងដែលលេងតែម្នាក់ឯង។

ក្រោយពីហ្វឹកហាត់ជាមួយលោក Felix បានប៉ុន្មានថ្ងៃមកហើយនេះ កាលពីយប់មិញគ្រូធំ Honda បានហោះមកដល់កម្ពុជាហើយ ដើម្បីដឹកនាំក្រុមកម្ពុជា ក៏ដូចជាផ្ដល់នៅវិធីសាស្ត្រល្អៗបន្ថែមទៀត៕