Social Network

ម្ចាស់មេដាយមាសពិភពលោក ប៉ាល់ ជីវ័ន នឹងផ្ទេរបទពិសោធទាំងអស់ឲ្យកូនសិស្ស

កីឡាករតេក្វាន់ដូ ITF និងជាម្ចាស់មេដាយកម្រិតអន្តរជាតិច្រើនគ្រឿង ប៉ាល់ ជីវ័ន ថាបទពិសោធដែលខ្លួនមានទាំងអស់នេះគឺមិនយកទៅណាទេ ផ្ទេរឲ្យសិស្សគុនទាំងអស់ដើម្បីពង្រឹងសមត្ថភាពប្រកួតតំណាងកម្ពុជានៅពេលខាងមុខទៀត។

ជីវ័ន បានឲ្យដឹងថា ទាក់ទងទៅនិងបទពិសោធដែលខ្លួនឈ្នះមេដាយមាស មេដាយប្រាក់ពិភពលោកនៅឯប្រទេសប៊ុលហ្គារី រួមទាំងបទពិសោធនាការប្រកួតនៅប្រទេសផ្សេងៗទៀតនោះ លោកមិនលាក់លៀមអ្វីទេ គឺនឹងផ្ទេរទាំងអស់ឲ្យសិស្ស ITF។

ម្ចាស់មេដាយមាសពិភពលោករូបនេះបន្ថែមទៀតថា ការបង្ហាត់បង្រៀន ការផ្ដល់ឲ្យនេះលុះត្រាតែសិស្សខ្លួនឯងខំប្រឹងប្រែងផងដែរ ទើបអាចធ្វើបានល្អ ឬរកភាពជោគជ័យទាំងការប្រកួតក្នុងស្រុក ក៏ដូចជាការប្រកួតកម្រិតអន្តរជាតិនោះបាន។

រំលឹកដែរថា ប៉ាល់ ជីវ័ន ជាកីឡាករឆ្នើមម្នាក់របស់កម្ពុជា ទើបតែឈ្នះមេដាយពិភពលោក ចំនួន២គ្រឿង មាស១ និងប្រាក់១ នៅឯប្រទេសប៊ុលហ្គារី ក្នុងកម្មវិធីជ្រើសរើសជើងឯកតេក្វាន់ដូ ITF ពិភពលោកលើកទី២១។ បច្ចុប្បន្នគេក៏ជាគ្រូជម្រើសរើសជាតិថ្នាល ITF ផងដែរ៕