Social Network

ស៊ីហ្គេម Honda អាចនឹងដឹកនាំកម្ពុជា ជួបគ្រូខ្លួន បើរឿងនេះកើតឡើង

ព្រឹត្តិការណ៍ស៊ីហ្គេម២០១៩ ប្រភេទកីឡាបាល់ទាត់បុរស U23 បានចាប់ឆ្នោតរួចរាល់ហើយ ក្នុងនោះកម្ពុជានៅពូល A ជាមួយក្រុមហ្វីលីពីន មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងទីម័រខាងកើត។

ស្របពេលពូល B វិញមានថៃ វៀតណាម ឡាវ ឥណ្ឌូណេស៊ី សិង្ហបុរីនិងប្រ៊ុយណេ។ ការប្រកួតនឹងធ្វើឡើងចាប់ពីថ្ងៃទី២៦ខែវិច្ឆិការហូតដល់ថ្ងៃទី១០ខែធ្នូឆ្នាំ២០១៩ខាងមុខនេះ។ ជាមួយលទ្ធផលចាប់ពូលនេះដែរ អ្នកគាំទ្រមើលឃើញថាពូល A របស់កម្ពុជា មិនពិបាកខ្លាំងដូចពូល B ឡើយ។

ស្របពេលគ្រូកម្ពុជាក៏មានគំនិតដូច្នេះដែរ ព្រោះពូល A នេះមានតែ៥ក្រុម ការប្រកួតតិច។ប្រសិនបើដូចចិត្តអ្នកគាំទ្រមែន កម្ពុជាអាចឡើងទៅជុំពាក់កណ្ដាលឬផ្ដាច់ព្រ័ត្របាន ហើយថៃនៅពូល B ក៏មានឱកាសឡើងទៅជុំនោះដូចគ្នា ហើយប៉ះគ្នាទៀត វាអាចនឹងកាន់តែល្អមើលមិនខាន។

ជាក់ស្ដែង Honda ដែលដឹកនាំកម្ពុជានេះ អាចនឹងជួបគ្រូរបស់ខ្លួនលោក kira Nishino ដែលកាន់ក្រុម U23 ថៃដែរ។ អតីតគ្រូបង្វឹកជម្រើសជាតិជប៉ុននេះ មកកាន់ក្រុមថៃ ទាំងក្រុមឈុតធំ និងឈុត U23 នេះ ដូច Honda មកកាន់កម្ពុជាទាំងឈុតធំនិងយុវជនដែរ។

រំលឹកថាវិញ្ញាសាបាល់ទាត់បុរសនេះ ថៃជាក្រុមការពារតំណែងជើងឯក។ សម្រាប់ការត្រៀមខ្លួនរបស់គេ លោក Nishino ក៏បានដាក់យុវជនចូលលេងច្រើនដែរ នៅវគ្គជម្រុះ World Cup 2022 កន្លងទៅ ហើយសមត្ថភាពរបស់ពួកគេក៏ល្អថែមទៀតដូចជា Supachai Chaided, Supachok Sarachat, Supanat Mueanta និង Ekanit Panya ជាដើម៕