Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រឿង សោភ័ណ្ឌ វិលទៅជួបថៃ នៅសង្វៀន TV5 ជាមួយតម្លៃខ្លួនពេញចិត្ត

  • Print

អ្នកប្រដាល់ជំនាញកណ្តាប់ដៃឆ្វេង រឿង សោភ័ណ្ឌ របស់ក្លិបមកុដរាជសីហ៍នៃសមាគមប្រដាល់ក្រសួងមហាផ្ទៃ នឹងបង្ហាញវត្តមានជាថ្មីឡើងវិញ នៅសង្វៀន TV5 ព្រែកកំពិស ដោយរូបគេត្រូវបានផ្គូផ្គងដាក់ប្រកួតជាមួយថៃ Pha Phayak ជាគូអន្តរជាតិទម្ងន់ធ្ងន់ ៧១ គីឡូក្រាមគឺអមគូជម្រុះខ្សែក្រវាត់ នារាត្រីថ្ងៃសៅរ៍ ក្នុងព្រឹត្តិការណ៍ TV5 Boxing Knock Out Serie។

សោភ័ណ្ឌ បានខកខានចូលប្រកួតសង្វៀន TV5 យូរឆ្នាំមកហើយ ដោយសាររូបគេបានជាប់កិច្ចសន្យាប្រកួតនៅសង្វៀន SEATV និង CNC ប៉ុន្តែមានវត្តមានម្តងម្កាលក្នុងព្រឹត្តិការណ៍ប្រកួតខ្នាតធំប្រចាំឆ្នាំខ្លះដែរ នៅសង្វៀនផ្សេង។

អ្នកប្រដាល់ដែលពូកែឆ្វេង ទាំងដៃ និងជើង មានចិត្តធំ រឿង សោភ័ណ្ឌ បានប្រាប់ឲ្យដឹងថា៖ «ខ្ញុំមិនប្រកាន់ឫក ឬរើសអើងសង្វៀនដូចកីឡាករល្បីដទៃទេ ប៉ុន្តែសង្វៀនណាកក់បានមុន ខ្ញុំទទួលយកកម្មវិធីប្រកួតនោះ អ៊ីចឹងខ្ញុំមិនទទួលយកសង្វៀនដទៃទៀតទេ»។ទោះបីជាយ៉ាងណា នៅដើមឆ្នាំ ២០២០ នេះ រឿង សោភ័ណ្ឌ បានជាប់កិច្ចសន្យាប្រកួតឲ្យសង្វៀន TV5 មុនគេ ក្នុងតម្លៃប្រកួតមួយ ដែលពេញចិត្ត។

ជាមួយនឹងកិច្ចសន្យាថ្មីឆ្នាំថ្មីនេះដែររឿង សោភ័ណ្ឌ បានបន្ថែមថា នឹងស្វែងរកសង្វៀន ដែលមានតម្លៃខ្លួនប្រកួតល្អជាងឆ្នាំចាស់ ហើយក៏ចង់បានលទ្ធផលកាត់ក្តី មានយុត្តិធម៌ល្អប្រសើរផងដែរ។

សោភ័ណ្ឌ បានបង្ហើបថា៖ «ការចេញទៅប្រកួតតាមខេត្ត ក្នុងប្រទេសយើង កាលពីឆ្នាំ ២០១៩ កន្លងមកនេះ ខ្ញុំទទួលបានប្រាក់សរុបពីម្ចាស់គ្រប់គ្រងកម្មវិធី គឺខ្ទង់ពី ៨០០ ទៅ ១០០០ ដុល្លារក្នុង ១ ប្រកួត ហើយឆ្នាំ ២០២០ នេះ នឹងទទួលយកតម្លៃប្រកួត ដែលបន្ថែមលើសនេះប៉ុន្តែតាមសង្វៀននៅភ្នំពេញ សុំឲ្យមានកើនឡើងផងដែរ»។

យ៉ាងណាមិញ នៅក្នុងជំនួបប្រកួត ជាមួយកីឡាករថៃ Pha Phayak ក្នុងទម្ងន់ ៧១ គីឡូក្រាមនេះ រឿង សោភ័ណ្ឌ បានបញ្ជាក់ថា៖ «ខ្ញុំចង់រក្សាការឈ្នះ ក្នុងឆ្នាំ ២០២០ ហើយខ្ញុំសង្ឃឹមឈ្នះថៃ រូបនេះ ៦០ ភាគរយ ព្រោះទម្ងន់នេះលំបាក ផ្លាស់ទី និងវាយចូលគោលដៅធ្ងន់ៗគឺឆាប់ស្រុតកម្លាំង»។អ្នកប្រដាល់ ថៃ Pha Phayak ធ្លាប់មកប្រកួតស្រុកខ្មែរយូរៗម្តង ប៉ុន្តែគេនៅចាំបានថា ធ្លាប់ចាញ់កីឡាករ ធឿន ធារ៉ា ម្តងដែរ។

លោក អូឡា ឡា ជំនួយការផ្គូផ្គងប្រចាំសង្វៀនប៉ុស្តិ៍លេខ ៥ បានឲ្យដឹងថា Pha Phayakនេះ ជាម្ចាស់ខ្សែក្រវាត់ ១ ស្ថាប័ន នៅប្រទេស ថៃ ប៉ុន្តែការវាយតម្លៃផ្ទាល់ខ្លួនរបស់លោក គឺកីឡាករថៃរូបនេះ បើគេចពីកណ្តាប់ដៃ រឿង សោភ័ណ្ឌ បាន មានលទ្ធភាពឈ្នះផ្នែកក្បាច់ជង្គង់ តែប៉ុណ្ណោះ ហើយបើតាមប្រវត្តិ មិនធ្លាប់ជួបប្រកួតគ្នានោះទេ។

ទោះជាយ៉ាងណា លោកថា ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះ គេជឿថាជាក់ថា រឿង សោភ័ណ្ឌ មានឱកាសឈ្នះច្រើនជាង ហើយអាចឈ្នះដោយវាយឲ្យថៃសន្លប់ នៅក្នុងអំឡុង ៣ ទឹកផងដេរ តែបើមិនអាចធ្វើបាន រឿង សោភ័ណ្ឌ នឹងលំបាកលំបិនផ្នែកកម្លាំង នៅចុងទឹកទី ៤ ឬ ទី ៥មិនខាន។

លោក គង់ ចាន់ធីណា អ្នកគ្រប់គ្រង រឿង សោភ័ណ្ឌ បាននិយាយថា៖ «រឿង សោភ័ណ្ឌ ក្នុងឆ្នាំថ្មី ២០២០ នេះ ជាប់កិច្ចសន្យាពេញ ហើយក្នុងអំឡុងខែ មករា និង កុម្ភៈ នេះ គឺមានព្រឹត្តិការណ៍ធំៗដូចជា ថ្ងៃទី ១៨ ខែមករា ត្រូវសងសឹកជាមួយកីឡាករថៃ ផ្លានុម នៅខេត្ត កំពង់ចាម នៃសង្វៀន CNC ហើយថ្ងៃទី ២៦ ខែមករា ជាប់កិច្ចសន្យាជាមួយ Mas Fight នៃសង្វៀន TownTv។

ចំណែកនៅសង្វៀនក្រៅប្រទេស ២ ទៀត កំពុងចរចាផ្តល់ឱកាសឲ្យ សោភ័ណ្ឌ ក្នុងករណីទំនេរពីការប្រកួតក្នុងស្រុក»។ដោយឡែក គូជម្រុះដណ្តើមខ្សែក្រវាត់ TV5 Boxing Knock Out Serie វិញ សេង ស្រឿន ត្រូវប៉ះ សោម វិឆ័យ ខណៈសមត្ថភាពអ្នកទាំង ២ នេះ សុទ្ធតែពូកែជើងដូចគ្នា និងចាស់វស្សាដូចគ្នា ប៉ុន្តែ សេង ស្រឿន ធ្លាប់ឈ្នះខ្សែក្រវាត់ ឯ សោម វិឆ័យ មិនធ្លាប់ឈ្នះនោះឡើយ។

តាមសមត្ថភាព អ្នកទាំង ២ រូបនេះមានឱកាសឈ្នះដូចគ្នា។ចំណែកជើងចាស់ សុខ សុវណ្ណ ក្លិបកងពលធំអន្តរាគមន៍លេខ ២ នៃសមាគមប្រដាល់ក្រសួងការពារជាតិ ប្រកួតជម្រុះជាមួយ វ៉ែន ហុងជីវ៉ុង មកពីបាត់ដំបង ហើយអ្នកប្រដាល់ទាំង ២ នេះជាជើងចាស់ដូចគ្នា តែអតីតកាលរបស់ សុវណ្ណ មានភាពល្បីល្បាញជាង៕