Social Network

មាស សំអឿន៖ Hun Sen Cup ឆ្នាំ២០២០ ខ្ញុំមានសង្ឃឹមច្រើន

លទ្ធផលពានរង្វាន់ Hun Sen Cup កាលពីឆ្នាំមុន ក្រុមបាល់ទាត់អគ្គិសនីអគ្គិសនីកម្ពុជា ធ្វើមិនបានល្អទេគឺធ្លាក់ជុំដំបូងតែម្ដង ប៉ុន្តែក្នុងឆ្នាំ២០២០នេះលោក មាស សំអឿន គ្រូបង្គោលរបស់ក្លឹបជឿជាក់អាចប្រជែងជាមួយក្លឹបធំៗ ភ្នំពេញក្រោន ណាហ្គា បឹងកេត និង វិសាខាជាដើមបាន។

នេះជាសម្ដីរបស់លោកគ្រូ មាស សំអឿន ៖«ខ្ញុំឃើញកីឡាករខ្មែរ ដែលខ្ញុំបង្ហាត់នេះ រយៈពេលពីរបីខែទៅមុខទៀត ទម្រាំដល់ខែគេលេង ខ្ញុំជឿជាក់ថាអាចប្រដំប្រសងជាមួយគ្នាបាន»។

ការណ៍ដែលអាចប្រជែងបាន ព្រោះអតីតគ្រូបង្វឹកក្លឹបបៀលប្រាយ យល់ឃើញកីឡាកររបស់លោក មានការខិតខំប្រឹងប្រែងហ្វឹកហាត់ មានគុណភាពប្រហាក់ប្រហែលគ្នា បើប្រៀបធៀបនឹងកីឡាករខ្មែរគ្នាឯង។

ពានសម្ដេច ហ៊ុន សែន ឆ្នាំ២០២០នេះ កំពុងធ្វើការប្រកួតជម្រុះថ្នាក់ខេត្ត ហើយក្រុមឈ្នះនឹងឡើងមកប្រកួតថ្នាក់ជាតិ ជាមួយក្លឹបនៅលីគកំពូលកម្ពុជា ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២០ខាងមុខ។

លោក មាស សំអឿន បានសុំលាលែងពីគ្រូបង្វឹកបាល់ទាត់នារីនៅបាទី ហើយមកធ្វើជាជំនួយការគ្រូ គ្រូ Fitness និងគ្រូកម្លាំង នៅក្លឹបអគ្គិសនីកម្ពុជាក្នុងឆ្នាំ ២០១៨ រហូតត្រូវថ្នាក់ដឹកនាំក្លឹបដំឡើងជាគ្រូធំ ក្រោយអតីតគ្រូមុនមានបញ្ហាសុខភាព។

យ៉ាងណាមិញ សម្រាប់លីគកំពូលកម្ពុជាក្នុងសប្ដាហ៍នេះ ក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា នឹងត្រូវប្រកួតជាមួយយុវជនបាទីអាយុក្រោម ១៨ឆ្នាំ។ ជំនួបនេះលោក មាស សំអឿន ជឿជាក់នឹងយក ៣ពិន្ទុ ដ្បិតយុវជនបាទីសុទ្ធតែកីឡាករខ្មែរ ខណៈសប្ដាហ៍ទី១ អគ្គិសនីកម្ពុជា ចាញ់ភ្នំពេញក្រោន ៣-០៕