លោក មាស ចាន់ណា៖ ១ស្មើជាមួយបឹងកេត ក្រុមខ្ញុំអត់សំណាង
- Details
- Category: Sport News
ចំពោះលទ្ធផល១ស្មើជាមួយបឹងកេត កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ លោក មាស ចាន់ណា គ្រូបង្វឹកណាហ្គាវើល បានលើកឡើងថា ក្រុមរបស់លោកធ្វើបានល្អណាស់ គ្រាន់តែមិនមានសំណាង ដ្បិតស៊ុតច្រើនគ្រាប់តែមិនចូល។
លោក មាស ចាន់ ណា បានបញ្ជាក់យ៉ាងដូច្នេះ ៖«យើងឃើញស្រាប់ហើយឱកាសយើងទាត់ប៉ុន្មានបាល់ យើងទាត់អត់ចូល អ៊ីចឹងហើយអ្វីៗគឺវាអត់សំណាង បាល់ទាត់វាទាក់ទងសំណាង ខ្ញុំគិតថាប្រហែលជាយើងអាចឈ្នះថ្ងៃហ្នឹង»។
ទោះបីជាយ៉ាងណា ក្នុងជំនួបស្មើជាមួយក្រុមខ្លាំងបឹងកេត គ្រូបង្វឹក License A មាស ចាន់ណា បានបង្ហាញក្ដីសប្បាយរីករាយ ព្រោះកូនក្រុមធ្វើបានល្អ ទៅតាមអ្វីដែលលោកបានណែនាំ ខុសពីការប្រកួតមុនៗ ហើយលោកចាត់ទុកថា នេះជាការប្រកួតដ៏តានតឹង និងជក់ចិត្តមួយក្នុងសប្ដាហ៍ទី៣កន្លងទៅ។
គ្រូបង្គោល មាស ចាន់ណា បានបន្ថែម៖ «ខ្ញុំសប្បាយចិត្តដោយឃើញកីឡាកររបស់ខ្ញុំ ធ្វើបានល្អមែនទែន តាំងបីតង់ទី១ដល់តង់ទី២។ អ្វីដែលខ្ញុំរៀបចំ ពួកគាត់ធ្វើបានច្រើន»។
ក្នុងតង់ទីមួយក្រុមទាំងពីរលេងហាក់មិនសូវសម្រុកគ្នាឡើយ ប៉ុន្តែកីឡាករជប៉ុនលេខ៩៩ Naruse Yuta របស់ណាហ្គារកបាន១គ្រាប់នាំមុខមុន ខណៈបឹងកេតបានរក១គ្រាប់តាស្មើវិញ ដោយការទែតបញ្ចូលទីរបស់កីឡាករ ចាន់ វឌ្ឍានាកា នៅតង់ទី១។
តង់ទី២ ណាហ្គាព្យាយាមដាក់សម្ពោធលើម្ចាស់ផ្ទះ និងស៊ុតច្រើនជើង ប៉ុន្តែគ្មានសំណាង។ ក្លឹបបាល់ទាត់ណាហ្គាវើល ក្នុងរយៈពេល៣សប្ដាហ៍កន្លងមកនេះ ទើបប្រកួតបាន ២ប្រកួតប៉ុណ្ណោះ។
សប្ដាហ៍ទី១ ណាហ្គាបានយកឈ្នះក្លឹបបាល់ទាត់នគរបាលជាតិ ២-១ និងសប្ដាហ៍ទី៣បញ្ចប់ក្នុងលទ្ធផល ១-១ ជាមួយបឹងកេត។ ចំណែកបឹកកែត បានឆ្លងកាត់៣ប្រកួត ដោយប្រកួតទី១ស្មើ ១-១ ទី២ ឈ្នះវិសាខា ១-០៕