Social Network

រិន​ សារ័ត្ន​ បន្ត​ហ្វឹកហាត់​រាល់ថ្ងៃ​ត្រៀម​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខាង​មុខ​

អ្នកលេងគុនខ្មែរ រិន សារ័ត្ន ថាបើទោះជាមិនទាន់បានដំណឹងពីការប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅពេលណាក៏ដោយ ប៉ុន្តែសព្វថ្ងៃបន្តការហ្វឹកហាត់ជាធម្មតាដូចជារត់ និងចូលស៊ីបជាដើម។

សារ័ត្ន បានឲ្យដឹងថា ដោយសារតែជំងឺ COVID-19 នេះខាងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ មិនទាន់ផ្ដល់ដំណឹងពីការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ TV5 ជាមួយកីឡាករ វ៉ែន ហុងជីវ៉ុង នោះទេ។

ទើបមិនទាន់ដឹងបែបនេះក្ដី អ្នកប្រដាល់ដើមកំណើតមកពីខេត្តព្រៃវែងខាងលើនេះនៅតែបន្តខំប្រឹងប្រែងហ្វឹកហាត់ជាធម្មតា។ រូបគេបន្តហាត់ក្នុងមួយថ្ងៃ ២ដង ពោលព្រឹកឡើងរត់ជាធម្មតា និងល្ងាចឡើងចូលស៊ីប ហាត់ក្បាច់ស្នៀតផ្សេងៗដើម្បីត្រៀមការប្រកួតនៅពេលដែលគេប្រាប់។

វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ វាសំខាន់ណាស់សម្រាប់ខ្លួនដូច្នេះហើយមានតែការខំប្រឹងហ្វឹកហាត់ប៉ុណ្ណោះទើបអាចរកជ័យជម្នះបាន។ រំលឹកដែរថា ពានរង្វាន់ TV5 ទម្ងន់ ៦៣,៥គីឡូក្រាម បានរកឃើញបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយក្នុងនោះរួមមាន រិន សារ័ត្ន ប៉ះ វ៉ែន ហុងជីវ៉ុង ខណៈ ពុយ វណ្ណៈ ប៉ះ សោម វិឆ័យ។

ចំពោះការប្រកួតធ្វើឡើងនៅពេលណានោះនៅមិនទាន់បញ្ជាក់នៅឡើយទេ ដោយសារបញ្ហាជំងឺ COVID-19៕