ដំណឹងថា Neymar នឹងផ្លាស់ទៅលេងនៅក្រុម FC Barcelona វិញ នៅតែបន្ដកើតឡើងជានិច្ច ដោយសារតែកីឡាករប្រេស៊ីលនេះ តែងតែបង្ហាញថាកាយវិការចង់ត្រលប់ទៅអេស្ប៉ាញវិញ។
ជាក់ស្ដែងកាលពីរដូវកាលមុន សាមីខ្លួនជាអ្នកចង់ទៅក្រុម Barcelona វិញផ្ទាល់តែម្ដង។ តែដោយសារក្រុម PSG ដាក់តម្លៃផ្ដាច់កុងត្រាខ្ពស់ពេក ទើបបានជាការផ្ទេរណាមួយមិនអាចកើតមានឡើងបាននោះទេ។
សម្រាប់រដូវកាលនេះវិញ ក្រុម PSG ក៏មានគម្រោងតំឡើងប្រាក់ឈ្នួលបន្ថែមទៀតឱ្យ Neymar ដើម្បីរក្សារូបគេទុកផងដែរ។ បច្ចុប្បន្ននេះ កីឡាករប្រេស៊ីលទទួលបានប្រាក់៤៤លានផោនក្នុង១រដូវកាលពីក្រុម PSG ហើយប្រសិនណាបើមានបន្ដកុងត្រាថ្មីណាមួយទៀត រូបគេនឹងទទួលបានកាន់តែច្រើនបន្ថែមទៀត។
Neymar ជាកីឡាករទី៣នៅលើលោក ដែលទទួលបានប្រាក់ឈ្នួលច្រើនជាងគេបំផុត បន្ទាប់ពី Messi និង Ronaldo។ តែប្រសិនណាបើ Neymar ពិតជាចង់ចាកចេញទៅ FC Barcelona វិញឱ្យទាល់តែបានមែន នោះរូបគេនឹងត្រូវខាតបង់ប្រាក់រាប់លានផោនមិនខាន។
ប្រភពបានព្យាករណ៍ថាទៅក្លឹបអ្នកមានបុណ្យវិញ កីឡាករវ័យ២៨ឆ្នាំខាងលើនឹងមិនទទួលបានតម្លៃពលកម្មច្រើនដូចនៅ PSG នោះទេ។ រូបគេអាចនឹងបាត់ជាង១០លានផោនក្នុង១រដូវកាលមិនខាន។
តែការខាតបង់ប្រាក់នេះ អាចនឹងធ្វើឱ្យរូបគេឈ្នះពានរង្វាន់ធំៗ វិញ ដូចកាលពីមុនអីចឹង៕