Social Network

Chelsea កំពុង​ពិភាក្សា​ចុះ​កុងត្រា យក​ខ្សែ​ប្រយុទ្ធ Timo Werner

ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំ Timo Werner របស់ក្លឹប RB Leipzig ត្រូវបានភ្ជាប់ទៅ Liverpool កាលពីពេលថ្មីៗ ចំណែកកីឡាករអាល្លឺម៉ង់និយាយថា គេពិតជាមានមោទនភាពជាមួយព័ត៌មាននេះ។

ប៉ុន្តែ BBC បានឱ្យដឹងក្លឹបហង្សក្រហម មិនចាប់អារម្មណ៍រូបគេទៀតទេក្នុងរដូវកាលនេះ។ បើយោងតាមរបាយការណ៍ Timo Werner មានតម្លៃផ្ដាច់កុងត្រាប្រហែល៥៤លានផោន។

យ៉ាងណា BBC បានចុះផ្សាយប៉ុន្មានម៉ោងមុននេះថា ក្លឹបតោខៀវ Chelsea កំពុងពិភាក្សាចុះកុងត្រាយក Timo Werner ទៅពង្រឹងតំបន់ប្រយុទ្ធ ដ្បិតតំណែងនេះមិនទាន់មានអ្នកណាអាចជំនួស Eden Hazard បាន។

ទីផ្សារដោះដូរកីឡាករកាលពីខែមករាត្រូវបានបិទ ហើយអ្នកចាត់ការក្រុម Frank Lampard មិនទាន់ទិញបានកីឡាករណាម្នាក់ឡើយ ពោលគឺបានតែទិញ Hakim Ziyech កាលពីខែកុម្ភៈ ហើយខ្សែប្រយុទ្ធស្លាបនឹងចេញពី Ajax មក Chelsea ពេលចប់រដូវកាល។

Lampard មិនទាន់មានជម្រើសខ្សែប្រយុទ្ធល្អនៅឡើយទេ ខណៈសព្វថ្ងៃតោខៀវពឹងលើដង្ហើម ខ្សែប្រយុទ្ធវ័យក្មេង Tammy Abraham។ ចំណែកខ្សែប្រយុទ្ធបារាំង Olivier Giroud បានបន្តកុងត្រានៅទឹកដី Stamford Bridge មួយឆ្នាំទៀត។ សម្រាប់ការប្រកួតក្នុងលីគ Werner រកបាន២៥គ្រាប់រដូវកាលនេះ។

កីឡាករដែលរកបាន១១គ្រាប់ ក្នុងការបង្ហាញខ្លួន២៩ប្រកួតឱ្យអាល្លឺម៉ង់ នឹងក្លាយជាកីឡាករទី២ ដែល Chelsea ចុះកុងត្រា បន្ទាប់ពីក្លឹបយក Hakim Ziyech ក្នុងតម្លៃខ្លួន ៣៧លានផោន កាលពីខែកុម្ភៈ៕