Social Network

ប្រធាន​ក្លឹប Barca ​ទៅ​ផ្ទះ​លោក Setien ​ដើម្បី​លើក​ទឹក​ចិត្ត ​ក្រោយ​ឮ​ថា​ឈ្លោះ​ជាមួយ​កីឡាករ​

លោក Josep Maria Bartomeu ប្រធានក្លឹប FC Barcelona បានធ្វើដំណើរទៅផ្ទះរបស់លោក Setien ដើម្បីលើកទឹកចិត្ត នៅពេលដឹងថាមានការប៉ះសម្ដីគ្នាជាមួយកីឡាករ នៅបន្ទប់ផ្លាស់សំលៀកបំពាក់។

ក្រុម Barcelona លេងស្មើក្រុម Celta Vigo កាលពីពេលកន្លងទៅ ធ្វើឱ្យក្រុម Real Madrid មានឱកាសបានឡើងទៅឈរនៅកំពូលតារាង និងដាច់២ពិន្ទុ។ មានដំណឹងជាច្រើនបានចុះផ្សាយថាពេលនេះ កីឡាករក្រុម Barcelona ហាក់មិនពេញចិត្តជាមួយយុទ្ធសាស្ត្រដឹកនាំក្រុមរបស់អ្នកចាត់ការ Setien ឡើយ។

រហូតដល់មានការមើលមុខគ្នាមិនត្រង់ថែមទៀត នៅបន្ទប់ផ្លាស់សំលៀកបំពាក់ កាលពីលេងស្មើក្រុម Celta Vigo ។ មានរឿងដូច្នេះហើយ លោក Josep Maria Bartomeu ប្រធានក្លឹប Barcelona ក៏ចេញមុខមកសម្របសម្រួលភ្លាមៗផងដែរ។

នៅយប់មិញនេះ មានដំណឹងថាប្រធានក្លឹបនេះបានទៅផ្ទះរបស់លោក Setien ក្នុងបំណងលើកទឹកចិត្ត និងគាំទ្រចំពោះការដឹកនាំក្រុមបន្ដទៀត។ លោក Bartomeu នៅមានទំនុកចិត្តអ្នកចាត់ការរូបនេះ នឹងជួយក្រុមឱ្យជោគជ័យបាននៅពេលខាងមុខ៕