Social Network

ក្រោយ​ដាច់​សរសៃ​ជង្គង់​ពេល​នេះ សុន វណ្ណដេត អាច​ដើរ​បាន​តិចៗ​វិញ​ហើយ

សុន វណ្ណដេត បានឱ្យដឹងថារូបគេអាចដើរបានតិចៗវិញហើយ ក្រោយវះកាត់បានជោគជ័យ និងសម្រាកព្យាបាល់មួយរយៈ ដែលមកដល់ពេលនេះ បានជាង១០ថ្ងៃហើយ។

បច្ចុប្បន្នខ្សែប្រយុទ្ធរបស់ក្លឹបនគរបាលជាតិ កំពុងសម្រាកថែខ្លួននៅឯផ្ទះ។ កីឡាករកើតនៅខេត្តកោះកុង បញ្ជាក់បែបនេះ ៖«ដើរនិយាយទៅបង ដើរជិតៗបានតើបង ដើរទៅបន្ទប់ទឹក មុខផ្ទះអី២០ម៉ែត្រអីដើរបាន ប៉ុន្តែគ្រាន់ថា យើងដើរឆ្ងាយប្រើឈើច្រត់ ឱ្យឈើច្រត់ជំនួយជួយយើងច្រើនអ៊ីចឹងបង»។

ខ្សែប្រយុទ្ធជួយឱ្យក្លឹបនគរបាលជាតិ លើកពានសម្ដេចហ៊ុនសែន១រដូវកាល សុន វណ្ណដេត បានជួបគ្រោះថ្នាក់ដាច់សរសៃជង្គង់ស្ដាំ (ACL) អំឡុងពេលប្រកួតជាមួយក្លឹបគិរីវង់សុខសែនជ័យ ក្នុងពានរង្វាន់សម្ដេច ហ៊ុន សែន កាលពីកន្លងទៅ។

កាលនោះក្លឹបនគរបាលជាតិ ចាញ់ក្លឹបគិរីវង់សុខសែនជ័យ ក្នុងលទ្ធផលប៉េណាល់ទី ៣ ទល់ ៤ បន្ទាប់បានត្រឹម ០ស្មើ ក្រោយបញ្ចប់៩០នាទី៕