Social Network

Liverpool មិន​អនុញ្ញាត​ឲ្យ​ Salah ទៅ​ជួយ​អេហ្ស៊ីប​ក្នុង​ប្រកួត​ World Cup វគ្គ​ជម្រុះ​

 

ក្លឹប Liverpool មិនអនុញ្ញាតឲ្យខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah ទៅចូលរួមជួយក្រុមជម្រើសជាតិរបស់ខ្លួនក្នុងការប្រកួត World Cup វគ្គជម្រុះចំនួន ៤ប្រកួតនៅក្នុងឆ្នាំនេះ។

បើយោងតាមការចុះផ្សាយរបស់សហព័ន្ធបាល់ទាត់អេហ្ស៊ីបនៅក្នុងថ្ងៃនេះ។ ការប្រកួតនេះរួមមានការប្រកួតតទល់នឹងក្រុមជម្រើសជាតិហ្គាបុង ដែលនឹងប្រកួតនៅក្នុងទឹកដីក្រុមជម្រើសជាតិនេះផ្ទាល់ និងប្រកួតតទល់ក្រុមជម្រើសជាតិអង់ហ្គោឡា ដែលប្រកួតនៅក្នុងទឹកដីអេហ្ស៊ីប ដោយទាំងពីរប្រកួតនេះនៅក្នុងជើងទី១នឹងធ្វើឡើងនៅខែកញ្ញា និងប្រកួតជើងទី២នឹងធ្វើឡើងនៅខែវិច្ឆិកានៅឆ្នាំ២០២១នេះ។

មូលហេតុដែលខាង Liverpool មិនព្រមឲ្យចូលរួមនេះគឺដោយសារតែបញ្ហាវិធានការណ៍ក្នុងការទប់ស្កាត់កូវីដ-១៩ ដែលតម្រូវឲ្យកីឡាករធ្វើចត្តាឡីស័កចំនួន ១០ថ្ងៃនៅពេលដែលត្រលប់មកពីប្រទេសមួយចំនួន ដែលអង់គ្លេសកំណត់យកវិធានការណ៍មួយនេះ។

យ៉ាងណាមិញក្លឹបនេះក៏លើកឡើងដែរថា ក្លឹបអនុញ្ញាតឲ្យកីឡាករណាដែលចង់ទៅជួយក្រុមជម្រើសជាតិក្នុងប្រកួតនានាទាំងអស់ ក្នុងលក្ខខ័ណ្ឌដែលប្រទេសទាំងនោះត្រូវបានអង់គ្លេសលើកលែងមិនចាំបាច់ធ្វើចត្តាឡីស័កនៅពេលត្រលប់មកវិញ។ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេដែល Liverpool បានហាមឃាត់ Salah មិនឲ្យជួយជម្រើសជាតិរបស់ខ្លួន ជាក់ស្ដែងដូចកាលពីប្រកួតអូឡាំពិកនៅក្នុងឆ្នាំ២០២១កន្លងទៅនេះ៕