Social Network

Ronaldo ​ឱ្យ​អាវ​ទៅ​ស្ត្រី​ដែល​ត្រូវ​១​បាល់ ​ដួល​សន្លប់ ​ជា​ការ​សុំទោស​

ខ្សែប្រយុទ្ធ Cristiano Ronaldo បានឱ្យអាវទៅស្ត្រីជាសន្ដិសុខការពារម្នាក់ដែលត្រូវ១បាល់របស់គេរហូតដួលសន្លប់អំឡុងពេលកម្ដៅសាច់ដុំមុនការប្រកួតទល់ក្រុម Young Boys ក្នុងពានរង្វាន់ UEFA Champions League ។

មុនការប្រកួតចាប់ផ្ដើម អំឡុងពេលកម្ដៅសាច់ដុំ Ronaldo បានស៊ុតបាល់មួយជើងហោះទៅជុំស្ត្រីម្នាក់ដែលកំពុងឈរការពារអ្នកគាំទ្រខាងក្រៅទីលានប្រកួត។ ១បាល់យ៉ាងលឿននោះបានធ្វើឱ្យស្ត្រីរូបនោះដួលសន្លប់ KO ហើយ Ronaldo ក៏បានចូលទៅមើលសុខទុក្ខផងដែរ។

ក្រោយពីដឹងថាមិនធ្ងន់ធ្ងរហើយ រូបគេក៏បានផ្ដល់អាវមួយជាការសុំទោសផងដែរ។រំលឹកថាក្នុងការប្រកួតខាងលើនេះដែរ ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំក៏រកបាន១គ្រាប់ឱ្យក្រុមបិសាចក្រហម Manchester United ផងដែរ ប៉ុន្តែសោកស្ដាយក្រោយពីក្រុមមានសមាជិកកាតក្រហមម្នាក់ទៅ ក៏ត្រូវក្រុម Young Boys វាយបកវិញរហូតឈ្នះក្នុងលទ្ធផល ២-១៕