Social Network

Honda នឹង​ពាក់លេខ​៣ឲ្យ​ក្រុម​ ​Sūduva ​​ដែល​នៅ​សល់១១​ប្រកួត​នឹង​ចប់​រដូវ​កាល

កាលពីពេលថ្មីៗនេះអ្នកចាត់ការក្រុមគោព្រៃកម្ពុជាលោក Keisuke Honda បានប្រកាសផ្លូវការពីការចូលរួមក្រុម Sūduva ដែលជាក្លឹបលីគកំពូលនៃប្រទេស លីទុយអានី។ ក្នុងការចូលរួមក្រុមក្រុមថ្មីនេះ Honda នឹងពាក់លេខ៣ ដែលលេងក្នុងតំណែងបម្រើប្រយុទ្ធ។

សម្រាប់លីគនៃប្រទេស លីទុយអានី នេះនៅសល់១០ប្រកួតទៀតនឹងចប់រដូវកាល២០២១ ក្នុងនោះក៏មានការប្រកួតខាប់មួយប្រកួតផងដែរ ដែលសរុបគឺនៅសល់១១ប្រកួតសម្រាប់ក្រុម Sūduva ។

ខណៈដែលកុងត្រារបស់អតីតខ្សែប្រយុទ្ធ AC Milan ជាមួយ Sūduva ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ នេះមានន័យថា Honda អាចលេងត្រឹមចប់រដូវកាលនេះ នឹងផុតកុងត្រាជាមួយក្រុមដែលកំពុងស្ថិតនៅកំពូលតារាងនៃប្រទេស លីទុយអានី នេះហើយ។

ខ្សែប្រយុទ្ធជម្រើសជាតិជប៉ុន និងអ្នកចាត់ការក្រុមកម្ពុជា បច្ចុប្បន្នមានវ័យ៣៥ឆ្នាំ រដូវកាលមុន Honda បានចូលលេងឲ្យក្រុម Neftci PFK នៃក្របខណ្ឌ Premier League របស់អាស៊ែបៃហ្សង់ ដោយលេងបាន៧ប្រកួតរកបាន២គ្រាប់ និងជួយក្រុមនេះឲ្យឈ្នះជើងឯកផងដែរ៕