លឹម ពិសុទ្ធ បង្ហើបហេតុផលពីរធ្វើឲ្យកម្ពុជាមិនអាចស៊ុតកោះហ្គាំច្រើនកាលជើងទី១
- Details
- Category: Sport News
ខ្សែប្រយុទ្ធវ័យក្មេងរបស់កម្ពុជា និងភ្នំពេញក្រោន លឹម ពិសុទ្ធ បង្ហើបហេតុផលពីរដែលខ្លួនគិតថា អាចនាំឲ្យកម្ពុជាមិនអាចស៊ុតក្រុមបាល់ទាត់កោះហ្គាំច្រើនគ្រាប់ក្នុងការប្រកួត AFC Asian Cup China 2023 Qualifiers Playoff ដែលធ្វើឡើងនៅប្រទេសបារ៉ែន។
ខ្សែប្រយុទ្ធដែលបានបញ្ជូនបាល់ឲ្យ ចាន់ វឌ្ឍនាកា ស៊ុតកាលជើងទី១បានមួយគ្រាប់រូបនេះបានឲ្យដឹងថា តាមពិតទៅកាលប៉ះកោះហ្គាំលើកទី១នោះក្រុមកម្ពុជាគួរតែរកបានគ្រាប់បាល់លើស១គ្រាប់។
ប៉ុន្តែដោយសារហេតុផលពីរគឺទី១ទីលាននៅបារ៉ែនហាក់ស្អិត ពីព្រោះទីលាននោះស្មៅធម្មជាតិតែមិនបាញ់ទឹក ហើយពេលបោះបាល់ឲ្យដៃគូគឺពិបាកណាស់ ពោលគឺបោះឲ្យគ្នាមិនបានចំគោលដៅល្អឡើយ។
ចំណែកហេតុផលទី២គឺកាលជើងទី១ កម្លាំងកីឡាករមិនទាន់មានគ្រប់គ្រាន់ ដោយសារការធ្វើដំណើរពីកម្ពុជាទៅបារ៉ែនទើបតែបាន៣ថ្ងៃ ហើយហ្វឹកហាត់តិចពេកជាមួយទីលាននៅទីនោះ ទើបធ្វើឲ្យកីឡាករលេងមិនសូវយល់ចិត្តគ្នាល្អ។
ដោយឡែកសម្រាប់ការប្រកួតជើងទី២ ពិសុទ្ធ ជឿថាកម្ពុជានឹងលេងបានល្អជាងជើងទី១ ហើយក្រុមកម្ពុជានឹងអាចឡើងទៅកាន់វគ្គបន្តបាន ដោយការយកឈ្នះនៅជើងទី២ម្ដងទៀត។
រំលឹកថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប៉ះក្រុមជម្រើសជាតិកោះហ្គាំនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នៅទីលាន Khalifa Sport City ប្រទេសបារ៉ែន សម្រាប់ជើងទី២ ៕