Social Network

Inter Milan បាន​បញ្ចប់​កុងត្រា​របស់ Sanchez ហើយ

ក្លិប Inter Milan បានបញ្ចប់កុងត្រារបស់ខ្សែប្រយុទ្ធ Alexis Sanchez ហើយ ដោយកិច្ចព្រមព្រៀងរវាងគ្នាទៅវិញទៅមក។

កីឡាករសញ្ជាតិឈីលីរកបាន២០គ្រាប់ក្នុងការបង្ហាញខ្លួន១០៩ប្រកួតឲ្យ Inter បន្ទាប់ពីផ្លាស់ពីក្លិប Manchester United ក្នុងកិច្ចសន្យាខ្ចីជើងដំបូងក្នុងឆ្នាំ២០១៩។

កីឡាករវ័យ៣៣ឆ្នាំបានជួយ Inter ឈ្នះពាន Serie A ជាលើកដំបូងក្នុងរយៈពេល១១ឆ្នាំក្នុងរដូវកាល២០២០-២១ ប៉ុន្តែជួបការលំបាកសម្រាប់ការស្វែងរកនាទីលេង។ Sanchez ដែលធ្លាប់លេងនៅ Arsenal ៤ឆ្នាំ មានការទាក់ទងចង់បានពីក្លិបនៅលីគកំពូលបារាំង Marseille។

ក្នុងពេលវេលាបញ្ចប់កុងត្រា ក្លិប Inter Milan ក៏បានអរគុណដល់ Sanchez សម្រាប់រយៈពេល៣រដូវកាលកន្លងមក និងជូនពរសំណាងល្អសម្រាប់អនាគតអាជីពខាងមុខ។

Alexis Sanchez ជាខ្សែប្រយុទ្ធពោរពេញដោយបទពិសោធន៍ធ្លាប់លេងនៅក្លិបធំៗជាច្រើនដូចជា River Plate, Udinese, Barcelona, Arsenal, Man Utd និង Inter។ គេជោគជ័យខ្លាំងបំផុតអំឡុងពេលលេង៣រដូវកាលជាមួយ Barca ជួយក្រុមឈ្នះពាន La Liga, Copa de Rey, UEFA Super Cup និង FIFA Club World Cup៕