Social Network

ខ្លាច​ដូច​ជប៉ុន! ​គ្រូ​អេស្ប៉ាញ ​ឱ្យ​កីឡាករ​ហាត់​ប៉េណាល់ទី​ឱ្យ​បាន​១​ពាន់​ដង

ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ នឹងត្រូវប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិម៉ារុកក្នុងការប្រកួតពានរង្វាន់ FIFA World Cup 2022 នៅវគ្គ១៦ក្រុមចុងក្រោយរាត្រីនេះ។

មុនការប្រកួតដ៏សំខាន់នេះចាប់ផ្ដើម លោក Luis Enrique បានបញ្ជាក់ថាត្រៀមរួចរាល់អស់ហើយ ទាំងការលេងពេញ១២០នាទី ការទាត់ប៉េណាល់ទីជាដើម។ លោកបានប្រាប់ទៅកីឡាករអេស្ប៉ាញតាំងពី១ឆ្នាំមុនម្ល៉េះ ឱ្យប្រឹងប្រែងហ្វឹកហាត់ប៉េណាល់ទីយ៉ាងតិចណាស់ឱ្យបាន១០០០ដង ព្រោះការទាត់១១ម៉ែត្រនេះពិតជាសំខាន់ខ្លាំងមែនទែន។

លោកមិនចង់ពឹងលើផ្សេងវាសនាចូលឬមិនចូលនោះទេ។អតីតអ្នកចាត់ការក្រុម Barcelona បាននិយាយថា៖ “ប្រហែល១ឆ្នាំមុន ខ្ញុំបានប្រាប់ទៅកីឡាករទាំងអស់ ថាពួកគេត្រូវធ្វើ Homework ទាត់ប៉េណាល់ទីមុនការប្រកួត World Cup ឈានចូលមកដល់។ អ្នកត្រូវហាត់ទាត់យ៉ាងតិចឱ្យបាន១០០០ដងនៅក្លឹបអាជីព។

អ្នកមិនអាចទើបតែបង្ហាត់ពួកគេពេលនៅជម្រើសជាតិនោះទេ។ ខ្ញុំមិនគិតថាជាការផ្សងសំណាងឡើយ ប្រសិនបើអ្នកហាត់ខ្លាំង នោះវិធីដែលអ្នកទាត់ប៉េណាល់ទីក៏បានល្អប្រសើរដែរ។ វាមិនមែនពឹងលើសំណាងឡើយ។ អ្នកចាំទីរបស់យើងក៏ត្រូវហ្វឹកហាត់បានយ៉ាងល្អដូចគ្នាសម្រាប់ការទាត់ប៉េណាល់ទីនេះ”៕