Social Network

មក​ស្គាល់​កីឡាករ​ដែល​ស៊ុត​ចូល​ច្រើន​ជាង​គេ​ក្នុង​ព្រឹត្តិការណ៍​ World Cup

World Cup គឺជាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំដែលកើតឡើងរៀងរាល់ ៤ ឆ្នាំ។ World Cup លើកនេះប្រារព្ធឡើងនៅប្រទេសកាតា ពីថ្ងៃទី ២០ វិច្ឆិកា ដល់ថ្ងៃទី ១៨ ធ្នូ ឆ្នាំ២០២២។

ខណៈព្រឹត្តិការណ៍កីឡាដ៏មានប្រជាប្រិយនេះកំពុងកើតឡើង Sabay សូមធ្វើការរំលឹកអំពីកីឡាករដែលស៊ុតចូលច្រើនជាងគេក្នុងព្រឹត្តិការណ៍ World Cup។ កីឡាកររូបនោះ គឺខ្សែប្រយុទ្ធ Miroslav Klose ដោយស៊ុតបញ្ជូលទីសរុបចំនួន ១៦ គ្រាប់ក្នុងព្រឹត្តិការណ៍ World Cup។

Klose កើតនៅឆ្នាំ ១៩៧៨ នៅទីក្រុង Opole ប្រទេសប៉ូឡូញ។ កីឡាកររុបនេះ បានផ្លាស់ទីមកទឹកដីអាល្លឺម៉ង់តាំងពីក្មេង រួចក៏បានសញ្ជាតិអាល្លឹម៉ង់។ ក្រោយប្រកបអាជីពបាល់ទាត់ Klose សម្រេចជ្រើសរើសចូលរួមជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់។

កីឡាករ Klose ចូលរួមការប្រកួតឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់ជាលើកដំបូងនៅឆ្នាំ ២០០១។ តាំងពីពេលនោះមក Klose តែងមានមុខក្នុងការលេងឲ្យ និងស៊ុតចូលជួយក្រុមជម្រើសជាតិខ្លួនក្នុងព្រឹត្តិការណ៍ World Cup ចំនួន ៤លើក ពោលគឺនៅឆ្នាំ ២០០២ ឆ្នាំ ២០០៦ ឆ្នាំ ២០១០ និងឆ្នាំ ២០១៤។

នៅ World Cup ឆ្នាំ២០១៤ ដែលធ្វើឡើងនៅប្រទេសប្រេស៊ីលនេះឯង ដែល Klose ក្លាយកីឡាករស៊ុតចូលសម្រេចគ្រាប់បាល់ច្រើនជាងគេ ក្នុងព្រឹត្តិការណ៍ World Cup ក្រោយកីឡាកររូបនេះសម្រេចគ្រាប់បាល់ទី ១៦ របស់ខ្លួន។

Klose ស៊ុតចូល ៥ គ្រាប់ក្នុង World Cup ២០០២ ហើយស៊ុតចូលបាន ៥ គ្រាប់ទៀតនៅ World Cup ២០០៦។ កីឡាកររូបនេះ សម្រេចបាន ៤ គ្រាប់នៅ World Cup ២០១០ ហើយស៊ុតចូល ២ គ្រាប់ទៀតនៅ World Cup ២០១៤។ ក្រោយជួយអាល្លឺម៉ង់ឈ្នះ World Cup នៅឆ្នាំ២០១៤ Miroslav Klose បានសម្រេចចូលនិវត្តន៍ពីក្រុមជម្រើសជាតិក្នុងអាយុ ៣៦ឆ្នាំ៕