Social Network

សម្ដេច​តេជោ ហ៊ុន សែន ​ថា​ពិធី​បើក-បិទ ​អាស៊ាន​ប៉ារ៉ាហ្គេម​នឹង​មាន​បាញ់​កាំជ្រួច​ច្រើន​

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៏ថាកម្មវិធីបើក បិទ អាស៊ានប៉ារ៉ាហ្គេមនៅថ្ងៃទី៣ខែមិថុនាឆ្នាំ២០២៣ខាងមុខនេះ នឹងមានការសម្ដែង និងបាញ់កាំជ្រួចច្រើនជាងកាលពីព្រឹត្តិការណ៍ស៊ីហ្គេមកន្លងទៅនេះទៀត។

ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនឹងចាប់ផ្ដើមប្រកួតក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី៣ខែមិថុនាខាងមុខនេះតទៅហើយ រហូតដល់ថ្ងៃទី៩ខែមិថុនាឆ្នាំ២០២៣។

ការប្រកួតនេះដែរ នឹងមាន១៤ប្រភេទកីឡា និង៤៣១ប្រភេទវិញ្ញាសា។ ប្រទេសក្នុងតំបន់អាស៊ានទាំងអស់នឹងបញ្ជូនអត្តពលិកជនពិការមកចូលរួមប្រកួតនេះ។

ក្នុងនោះដែរ កម្មវិធីបើក និងបិទនៃព្រឹត្តិការណ៏ក៏នឹងមានអ្វីដែលពិសេសដូចគ្នា ពោលគឺការបាញ់កាំជ្រួចអបអរវិញនឹងធ្វើឡើងឱ្យយូរជាងកាលពីបើកស៊ីហ្គេម២០២៣កន្លងទៅទៀត។

បើតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន គឺសម្ដេចចង់ឱ្យបងប្អូនទាំងអស់យកចិត្តទុកដាក់គាំទ្រកីឡាជនពិការ ដែលជាការលើកទឹកចិត្តដ៏ធំមួយ សម្រាប់ពិការភាព។

ស៊ីហ្គេម កម្ពុជាធ្វើបានល្អហើយ ទទួលបានល្អហើយ នៅសល់តែ អាស៊ានប៉ារ៉ាហ្គេម ដែលជាកីឡាជនពិការ គឺត្រូវតែធ្វើឱ្យល្អទៀត ហើយពិធីបើក-បិទ គឺធ្វើមិនឱ្យចាញ់ស៊ីហ្គេមទេ! ទាំងផ្នែកបាញ់កាំជ្រួចអី យើងបាញ់លើសស៊ីហ្គេមទៅទៀត៕