កំពូលអ្នកវ៉ៃក្នុងទ្រុង Ben Askren ដែលជាម្ចាស់ខ្សែក្រវាត់ពិភ ONE Welterweight World Champion បានចាត់ទុកអ្នកវ៉ៃចាស់វស្សារបស់ជប៉ុន Shinya Aoki ជាវីរបុរសក្នុងពិភពកីឡាម្នាក់មុនពេលពួកគេវ៉ៃគ្នាក្នុងព្រឹត្តិការណ៍ ONE: IMMORTAL PURSUIT នៅកីឡដ្ឋាន Indoor Stadium ប្រទេសសិង្ហបុរីនាយប់ថ្ងៃសុក្រ ទី២៥ វិច្ឆិកានេះ។
Askren ដែលជាកីឡាករអាមេរិកធ្លាប់មកចែករំលែកបទពិសោធប្រដាល់ក្នុងទ្រុងនៅកម្ពុជាកាលពីប៉ុន្មានឆ្នាំមុនបាននិយាយថា ៖«Shinya ពិតជាដៃគូល្អពិតប្រាកដម្នាក់សម្រាប់ខ្ញុំ។ ច្បាស់ណាស់ គាត់ជាវីរបុរសក្នុងពិភពប្រដាល់គុនចម្រុះម្នាក់ ហើយគាត់ពិតជាល្អផ្នែកក្រោមណាស់។
និយាយទៅខ្ញុំពិតជាចង់វ៉ៃជាមួយដៃគូបែបនេះណាស់។ ខ្ញុំទន្ទឹងរង់ចាំការវ៉ៃនេះមកដល់»។ «គាត់ពិតជាជំនាញល្អណាស់ដែលខ្ញុំត្រូវតែគោរព ហើយខ្ញុំគិតថា ការប្រកួតនេះនឹងអស្ចារ្យបំផុត»។កីឡាករជប៉ុន Shinya Aoki មានបទពិសោធជោកជាំលើសង្វៀនក្នុងទ្រុង និងធ្លាប់គ្រងខ្សែក្រវាត់ពិភពលោកថែមទៀតផង។
លើកនេះរូបគេឡើងសង្វៀនដណ្តើមខ្សែក្រវាត់ពីកីឡាករជំនាញចំបាប់របស់អាមេរិក។ កីឡាករជប៉ុនដែលធ្លាប់វ៉ៃបាន៤៧ដងក្នុងនោះឈ្នះ៣៩ដងជាម្ចាស់ខ្សែក្រវាត់យូដូ និង Jiu-Jitsu។ ចំពោះ Asken វិញធ្លាប់វ៉ៃ១៧ដង ឈ្នះទាំង១៧ដង និងវ៉ៃការពារខ្សែក្រវាត់បានជោគជ័យជាច្រើនដងទៀតផង៕
ដកស្រង់ពី៖ Sabay