Social Network

Robinho ត្រូវ​កាត់​ឲ្យ​ជាប់​គុក​៩​ឆ្នាំ​ពី​បទ​រំលោភ​បូក​កាល​ពី​៤​ឆ្នាំ​មុន​

Robinho ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៩ឆ្នាំក្រោយរកឃើញកំហុសក្នុងហេតុការណ៍រំលោភបូកមួយកាលពី៤ឆ្នាំមុន។

អតីតកីឡាករ Manchester Cityរងការចោទប្រកាន់ថាជាមនុស្សម្នាក់ក្នុងចំណោមបក្សពួក៦នាក់ដែលបៀតបៀនផ្លូវភេទលើនារីជនជាតិអាល់បានីនៅក្លឹបរាត្រីស្ថិតក្នុងទីក្រុងមីលេន ប្រទេសអ៊ីតាលី កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣។

ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំដែលបច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្លឹបក្នុងប្រទេសកំណើត Atletico Mineiro បានច្រានចោលការចោទ និងគ្រោងតវ៉ានឹងសេចក្ដីសម្រេចនេះដើម្បីបង្ហាញពីភាពស្អាតស្អំ។ បើតាមច្បាប់របស់ប្រទេសអ៊ីតាលីរូបគេនឹងមិនត្រូវចាប់ឃុំឃាំងទេដរាបណាបណ្ដឹងឧទ្ធរណ៍មិនទាន់ចប់សព្វគ្រប់។

តារាឆ្នើមប្រេស៊ីលចូលប្រឡូកនៅទ្វីបអឺរ៉ុបកាលពីឆ្នាំ២០០៥ ដោយផ្ទេរពី Santos ទៅ Real Madrid និងធ្លាប់បំបែកកំណត់ត្រាការផ្ទេរនៅទីផ្សារអង់គ្លេសក្នុងឆ្នាំ២០០៨ពេលទៅលេងនៅ Manchester City ក្នុងតម្លៃ៣២,៥លានផោន។

នៅឆ្នាំបន្ទាប់ Robinhoបានរសាត់អណ្ដែតដល់ AC Milan ជាពេលវេលាដែលផ្ទុះរឿងអាស្រូវរួចក៏ទៅលេងនៅចិនជាមួយក្លឹប Guangzhou Evergande រហូតដល់ឆ្នាំ២០១៦ក៏វិលទៅស្រុកកំណើតវិញ៕

ដកស្រង់ពី៖ Sabay