Social Network

Liverpool ជួយ Man City រកឃើញបរាជ័យលើកទីមួយនៅ Premier League

Liverpool ទីបំផុតធ្វើឲ្យ Manchester City ទទួលបរាជ័យលើកដំបូងនៅ Premier League រដូវកាលនេះក្រោយ យកឈ្នះក្នុងលទ្ធផល ៤ទល់នឹង៣។ ២២ប្រកួត កន្លងមក ក្រុមរហស្សនាមថា មេឃខៀវមិនដែលស្គាល់រសជាតិចាញ់ នោះទេពោលគឺឈ្នះ២០ និងស្មើ២ យ៉ាងណាកំណត់ត្រាដ៏ល្អឥតខ្ចោះ ត្រូវបញ្ចប់ត្រឹមប្រកួតនៅកីឡដ្ឋាន Anfield។

បរាជ័យនេះក៏ធ្វើឲ្យ Man City ដែលសង្ឃឹមលើកពានខ្ពស់មិនអាចបំបែកកំណត់ត្រាមិនដែលចាញ់ពេញមួយរដូវកាលរបស់ Arsenal ផងដែរ។ គ្រាប់ដំបូងក្នុងការប្រកួតយប់មិញកើតឡើងនៅនាទី ទី៩ជាការអូសស៊ុតរបស់ Chamberlain។ យ៉ាងណាការនាំមុខរបស់ហង្សក្រហមត្រូវរំសាយដោយគ្រាប់បាល់មួយជើងឆ្វេងរបស់ខ្សែបម្រើស្លាប Leroy Sane នៅនាទី៤០។

ចូលវគ្គទីពីរម្ចាស់ផ្ទះបានបើកការវាយលុកសារជាថ្មីហើយនាំមុខម្ដងទៀតនៅនាទី៥៩ ជាថ្វីជើងរបស់ខ្សែប្រយុទ្ធប្រេស៊ីល Firmino ក្រោយតារាឆ្នើមរូបនេះចុចផុតដៃអ្នកចាំទីបញ្ចូលទីយ៉ាងល្អ។ រំលងបាន២ នាទី Sadio Mane បានទាត់ជ្រុងកៅថែមឲ្យ Liverpool នាំមុខមួយគ្រាប់ទៀត។

ប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់ទេ ពោលគឺនាទី៦៧ Mohamed Salah បានចូលខ្លួនក្នុងបញ្ជី អ្នកស៊ុតបញ្ចូលទីនឹងគេដែរ គឺនៅពេលអ្នកចាំទី Ederson ផ្ដាច់បាល់មិនផុតត្រូវខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបទប់បាន និងបណ្ដក់ចូលគ្រាប់ទី៤។ ទោះយ៉ាងនេះក្ដីក្រុមលោក Pep Guardiola នៅតែមិនចុះចាញ់ ហើយសងបាន២គ្រាប់វិញនៅនាទី៨៤ និង៩០ ជាថ្វីជើងរបស់ Bernardo Silva និង Guendogan។

ជ័យជម្នះខាងលើធ្វើឲ្យ Liverpool ហក់មកលេខ៣ក្នុងតារាង ខណ: City មិនបានប្រែប្រួលចំណាត់ថ្នាក់ឡើយតែនឹងបន្ថយគម្លាតពិន្ទុបើ Manchester United ឈ្នះ Stoke City នៅយប់ថ្ងៃច័ន្ទ៕

ដកស្រង់ពី៖ Sabay