Social Network

កីឡា​ជាតិ​ឆ្នាំ​នេះ ​បាល់ទាត់​នឹង​យក​ក្រុម U16 ​ទូទាំង​ប្រទេស​ចូលរួម

ព្រឹត្តិការណ៍កីឡាជាតិឆ្នាំនេះ សហព័ន្ធ កីឡាបាល់ទាត់ បានបញ្ជាក់ថា នឹងយកក្រុម កីឡាករក្រោម អាយុ១៦ឆ្នាំ មកចូលរួមប្រកួត ដើម្បីជាការ ស្វែងរកកីឡាករល្អៗ ទូទាំងប្រទេស។

លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជាក់ដូចខាងលើនេះ ដោយសំអាងទៅលើហេតុផលយកក្រុមយុវជនមកលេង ដើម្បីជ្រើសរើសយកកីឡាករល្អៗ មកពីបណ្ដាខេត្តផ្សេងៗ។ មួយវិញទៀត នេះក៏ជាគម្រោងមួយរបស់សហព័ន្ធឱ្យយុវជនបានបង្ហាញសមត្ថភាពប្រកួត ក្នុងលក្ខខណ្ឌបច្ចេកទេសត្រឹមត្រូវផងដែរ។

ស្របពេល FIFA វិញ ក៏មានគម្រោងឱ្យបណ្ដាប្រទេសផ្សេងៗជាសមាជិកផ្ដល់ឱកាសបង្កើតជាការប្រកួតសម្រាប់យុវជនច្រើន សម្រាប់ទៅថ្ងៃអនាគត។ កម្មវិធីកីឡាជាតិលើកទី២នេះ នឹងធ្វើឡើងចន្លោះពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ដោយមាន ២៧ ប្រភេទកីឡា លើសឆ្នាំ២០១៦ មានត្រឹម ១៥ប្រភេទ។

ក្រៅពីមានការកើនឡើងនៃចំនួនប្រភេទកីឡានេះ ប្រាក់រង្វាន់ក៏មានការកើនឡើងដូចគ្នា។ មេដាយមាស ឆ្នាំនេះនឹងទទួលបាន៨០ម៉ឺនរៀល ខណៈដែលឆ្នាំមុនបានត្រឹម១៥ម៉ឺនរៀល មេដាយប្រាក់បាន៦០ម៉ឺនរៀល និងមេដាយសំរឹទ្ធបាន៤០ម៉ឺនរៀល៕

ដកស្រង់ពី៖ Sabay